ភ្នំពេញ ៖ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច ឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី សិក្ខាសាលាស្តីពី តួនាទីនវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។
កាលពីថ្ងៃទី ២៦ និងទី ២៧ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច ឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាម្តងរួចហើយ។ ដើម្បីបន្តប្រមូលធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, គណៈកម្មាធិការ សេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលបាននិងកំពុងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់។

ជាក់ស្ដែង, នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨និង៣០ នាទីព្រឹក ដល់ម៉ោង ១២និង៤៥ នាទីរសៀល នាពេលខាងមុខនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានសហការជាមួយនឹងនិយ័តករ ធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជាក្នុងការរៀបចំ “សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា រួមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដែលជាប្រធាន, អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ព្រមទាំងក្រុមហ៊ុនទាំងអស់ក្នុងវិស័យធានារ៉ាប់រង។ សិក្ខាសាលានេះនឹង ប្រព្រឹត្តឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) និងមានការ ផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេឡេក្រាមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលបំណងចម្បងនៃសិក្ខាសាលានេះរួមមាន (១) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើ វិស័យធានារ៉ាប់រង, (២) ផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយ កម្មក្នុងវិស័យធានារ៉ាប់រង, (៣) កំណត់និន្នាការបច្ចុប្បន្ន, បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យធានារ៉ាប់រង នៅកម្ពុជា និង (៤) កំណត់តួនាទីរបស់ថ្នាលឌីជីថលផ្លាស់ប្ដូរទិន្នន័យផ្សេងៗនៅកម្ពុជា សម្រាប់វិស័យធានា រ៉ាប់រង។ បន្ថែមពីនេះ, សិក្ខាសាលានេះនឹងមានការចែករំលែកចំណេះដឹង, បទពិសោធ និងកិច្ចពិភាក្សាលើ ក្របខណ្ឌគោលនយោបាយ, ការអភិវឌ្ឍ, ឧត្តមានុវត្តន៍, បញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រង និងការចាប់យក ឌីជីថលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយវាគ្មិនមកពីក្រសួង-ស្ថាប័ន, ក្រុមហ៊ុនពាក់ព័ន្ធ និងតំណាងមក ពីប្រទេសថៃ និងម៉ាឡេស៊ី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




