ព្រះសីហនុ ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសមួយចំនួន បានឃោសនាបំប៉ោង និងលាបពណ៌ ចំពោះកិច្ចសហប្រតិបត្តិការប្រក្រតី រវាងចិននិងកម្ពុជា ប្រើលេសសិទ្ធិប្រជាធិបតេយ្យ មកដាក់ទណ្ឌកម្ម តាមអំពើចិត្តលើកម្ពុជា ដោយឯកតោភាគីនិយម ប្រើអំណាច”យុត្តាធិការ” ហួសដែនកំណត់យ៉ាងគឃ្លើន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងកម្រោល ភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើទាំងនេះ។ ប្រទេសចិន នឹងជួយលើកកម្ពស់កម្រិតកសាងទំនើបកម្ម លើវិស័យកងទ័ពជើងទឹក ក្នុងប្រទេសកម្ពុជា បានយ៉ាងលេចធ្លោ មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សមត្ថភាព របស់កងទ័ពកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

នាថ្ងៃទី៨ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចតនិងស្តារឃ្លងក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ លោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា, នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់យោធា មន្រ្តីតំណាងខេត្តចំនួន៥ ប្រេសិតជាច្រើនប្រទេសប្រចាំកម្ពុជា និងបុគ្គលិកការដ្ឋាន នៃគម្រោងខាងលើសរុបជាង២០០០រូប អញ្ជើញមានវត្តមានក្នុងពិធីខាងលើ។
ក្នុងសុន្ទរកថារបស់ឯកឧត្តម Wang Wentian បានលើកឡើងថា មិត្តភាពចិននិងកម្ពុជាមានប្រវត្តិយូរអង្វែង ដែលរឹងមាំមិនអាចបំបែកបាន។ គម្រោងខាងលើដែលជាជំនួយឥតសំណងរបស់ភាគីចិនគឺជាសមិទ្ធផលផ្លែផ្កានៃការគោរពគ្នាទៅវិញទៅមកនិងការពិគ្រោះយោបល់ដោយស្មើភាពគ្នារវាងប្រទេសទាំងពីរ និងសមស្របតាមច្បាប់ក្នុងស្រុកនៃប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងការអនុវត្តអន្តរជាតិ គឺមិនសម្ដៅលើភាគីទីបីណាមួយឡើយ។ បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ នឹងជួយលើកកម្ពស់កម្រិតកសាងទំនើបកម្មលើវិស័យកងទ័ពជើងទឹក ក្នុងប្រទេសកម្ពុជាបានយ៉ាងលេចធ្លោ មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ គម្រោងនេះគឺជានិមិត្តសញ្ញាដ៏សំខាន់នៃចំណងមិត្តភាព”ដែកថែប”រវាងប្រទេសនិងកងទ័ពទាំងពីរ និងជានិមិត្តសញ្ញាថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក! កងទ័ពចិននឹងបន្តផ្តល់ជំនួយដល់កងទ័ពកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត និងមានភាពរីកចម្រើនថ្មីៗជាច្រើន។

ឯកឧត្តម Wang Wentian បានបន្តទៀតថា ប្រទេសមួយចំនួនបានឃោសនាបំប៉ោង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិននិងកម្ពុជា ប្រើលេសសិទ្ធិប្រជាធិបតេយ្យមកដាក់ទណ្ឌកម្ម តាមអំពើចិត្តលើកម្ពុជាដោយឯកតោភាគីនិយម ប្រើអំណាច”យុត្តាធិការ”ហួសដែនកំណត់យ៉ាងគឃ្លើន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងកម្រោល ភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើទាំងនេះ។ បទពិសោធន៍មិនអាចកាត់ថ្លៃបានដែលចិននិងប្រទេសក្នុងអាស៊ានដទៃទៀត រួមទាំងកម្ពុជាដែលបានបង្កើតទំនាក់ទំនងសន្ទនា ជាង៣០ឆ្នាំកន្លងមកនេះគឺ៖ ប្រកាន់ខ្ជាប់ការគាំពារសន្តិភាព ប្រឆាំងការបង្កបង្កើតសង្រ្គាមនិងចលាចល, ប្រកាន់ខ្ជាប់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ប្រឆាំងការតតាំងនិងការប្រឈមមុខដាក់គ្នា, ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រឆាំងអនុត្តរភាពនិងចរិកក្អេងក្អាង, ប្រកាន់ខ្ជាប់ការបើកចំហនិងបរិយាបន្ន ប្រឆាំងការបំបែកបំបាក់និងពហិកា។ ឯកតោភាគីនិយមនិងអត្មានិយមជ្រុលសុទ្ធតែមិនអាចទៅរួចទាល់តែសោះឡើយ, ទង្វើផ្តាច់ទំពក់ខ្សែសង្វាក់ផលិតកម្មនឹងគ្នានិងការដាក់សម្ពាធអតិបរិមាសុទ្ធតែមិនអាចទៅរួច, ការបង្កើត”ក្រុមតូចៗ”បែងចែកមិត្តតាមមនោគមន៍វិជ្ជានិងការញុះញង់តតាំងដាក់គ្នាសុទ្ធតែមិនអាចទៅរួចនោះឡើយ។

ឯកឧត្តម Wang Wentian បានសង្កត់ធ្ងន់ថា ចិនគឺជាអ្នកជិតខាងដ៏ល្អដែលអាចប្រាស្រ័យបាន ជាមិត្តល្អដែលអាចពឹងពាក់បាន និងជាដៃគូល្អដែលអាចទុកចិត្តគ្នាបានសម្រាប់កម្ពុជាជារៀងរហូត។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកុងសុងស៊ីសសំខាន់ៗដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន លើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ រួមគ្នាកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ រួមចំណែកកាន់តែច្រើនក្នុងការបង្កើតអត្ថប្រយោជន៍ ជូនដល់ប្រជាជនទាំងពីរប្រទេសនិងការកសាងសហគមន៍វាសនារួមរវាងចិននិងអាស៊ាន។
សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាសម្រាប់គម្រោងខាងលើនេះ។ បានវាយតម្លៃខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលរៀបចំឡើងដោយក្រុមការងារកម្ពុជា-ចិនលើគម្រោងមួយនេះ។ គម្រោងមួយនេះនឹងជួយលើកកម្ពស់សមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា ជាពិសេសគឺសមត្ថភាពតបទល់របស់កងទ័ពជើងទឹកកម្ពុជា ជួយលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការការពារឯករាជ្យជាតិអធិបតេយ្យភាពនិងបូរណភាពទឹកដី ជួយលើកកម្ពស់កិត្តិនាមកងទ័ពកម្ពុជាក្នុងតំបន់និងលើឆាកអន្តរជាតិ ជួយលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នា ទៅវិញទៅមករវាងកម្ពុជានិងប្រទេសជាមិត្ត និងជួយរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា កម្ពុជានិងចិន គឺជាបងប្អូនល្អ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែងដែលស្គាល់ចិត្តគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា។ ដូចថ្នាក់ដឹកនាំទាំងពីរធ្លាប់បានលើកឡើងថា “ចំណងមិត្តភាពជាប្រពៃណីប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិនមានអាយុកាលយូរអង្វែង គឺជាទ្រព្យធនប្រពៃណីរវាងប្រជាជនយើងទាំងពីរ”។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក កងទ័ពទាំងពីរបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជានិងចិន គឺជាចំណងមិត្តភាពយ៉ាងពិតប្រាកដរវាងប្រទេសនិងប្រទេស កងទ័ពនិងកងទ័ព ប្រជាជននិងប្រជាជន ដោយតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មានដូចជាការលំហាត់រួមគ្នា”នាគមាស” សកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងគម្រោងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនិងវិទ្យាស្ថានទ័ពជើងគោកជាដើម។ បានផ្តល់ជាគំរូដ៏សំខាន់និងជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ កងយោធពលខេមរភូមិន្ទនឹងចងចាំជានិច្ចនូវចំណងមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ នឹងជាមិត្តល្អរបស់ប្រជាជននិងកងទ័ពចិនជារៀងរហូតដែលរួមសុខនិងទុក្ខជាមួយគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

