Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ហ៊ុន ម៉ានី៖ មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ តែខ្ញុំសង្ឃឹមថា នឹងមានការពន្យល់គ្រប់គ្រាន់ពីខាងភាគីឥណ្ឌាទៅលើបញ្ហានេះ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានីនៅថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២២ នេះបានថ្លៃងសានៅលើផេកហ្វេសប៊ុកផ្លូវការ នៅពេល ការ ប្រកួត បាល់ ទាត់ រវាង ក្រុម ជម្រើស ជាតិ ២ប្រទេស យើងឃើញថា៖

  1. ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត
  2. កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ លើអ្វីដែលបានកើតឡើង កាលពីម្សិលមិញ ក្នុងការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើង ក្នុងអំឡុងពេលគោរពទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។ មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថា នឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំ សង្ឃឹមថា នឹងមានការ ប្រុង ប្រយ័ត្ន ទុកខ្ពស់ជាងមុន សម្រាប់ ព្រឹត្តិការណ៍ នាពេលអនាគតដើម្បីកុំឲ្យបញ្ហា/កំហុសនេះ កើតឡើងជាថ្មីទៀត សម្រាប់គ្រប់ក្រុមជម្រើសជាតិ “។ ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។ សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។ សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជនទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ។

ក្រោយការព្រមានចេញពីរាជធានីភ្នំពេញ របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា, នៅល្ងាចថ្ងៃទី៨ ខែមិថុនានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានត្រូវធ្វើលិខិតផ្លូវការសុំទោសកម្ពុជាហើយ ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។

នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។

សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។

ក្នុងលិខិតរបស់ខ្លួន សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា៖ «សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា , ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។

ទី២ យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។

បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។
ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ អំឡុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ»។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេ យន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវបានរិះគន់ថា មិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ ជាពិសេស អ្នករៀបចំនេះពុំមានភ្លេងជាតិកម្ពុជា ដើម្បីចាក់នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×