Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ សម្តេចពិជ័យសេនា នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីការពារជាតិ នៃបណ្តាប្រទេស អូស្រ្តាលី ចិន សិង្ហបុរី និង សហរដ្ឋអាមេរិក

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ មានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា៖ (១) ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិកសហរដ្ឋអាមេរិក (២) ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល (៣) ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ (៤) ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ (៥) ចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់ (៦) បញ្ហាប្រឈមតាមអ៉ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និង (៧) គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន៤ ផងដែរ ដែលរួមមាន៖ (i) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង, (ii) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (iii) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី ចិន សិង្ហបុរី និង សហរដ្ឋអាមេរិក ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សជនសំខាន់ៗ រួមមាននាយកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×