ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានស្នើឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពិចារណាឡើងវិញនូវការផ្តន្ទាទោសនិងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing ថា “ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ. ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើករណីនេះ។ ខ្ញុំឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំងដែលឯកឧត្តមនាយឧត្តមសេនីយ៍ Min Aung Hlaing និងសម្តេចបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលចាត់ទុកថាមានសារៈសំខាន់សម្រាប់មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាអាស៊ានផងដែរ។ ការសន្ទនារបស់យើងអនុញ្ញាតឱ្យយើងឈានទៅដល់ការយល់រួមគ្នាលើបញ្ហាផ្សេងៗដែលមានផលប៉ះពាល់យ៉ាងធំធេងលើសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរបស់យើង និងអាស៊ានទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនមានមន្ទិលទេថា ឯកឧត្តម ពិតជាដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ តំបន់របស់យើងគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេកំពុងតែកើនឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើនកំពុងផ្តោតទៅលើការអភិវឌ្ឍក្នុងតំបន់អាស៊ាន និងទៅលើភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជនជាស្នូល។ ការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាមដានសង្កេតដោយមនុស្សជុំវិញពិភពលោក៕ ដោយៈ ចេស្តារ

