ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី សន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធាដល់កម្ពុជា

សិង្ហបូរី ៖ ក្នុងកិច្ចប្រជុំកំពូល ស្ដីពី សន្តិសុខអាស៊ីលើកទី១៩ និងជំនួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបូរី លោក រីឆាត ម៉ាល (Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានសន្យានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី នាថ្ងៃអនាគត ដោយក្នុងពេលកន្លងមក លោកបានវាយតម្លៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

នាពេលកន្លងមក អូស្ត្រលី បានជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់កងយោធពលខេមរភូមិន្ទ ហើយតាមរយៈចំណេះដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូនសិក្ខាកាមទៅបន្តការសិក្សានៅគ្រប់ទិសទីបន្តទៀត។ ដោយឡែកនាយ ទាហានដែលបានទៅបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី បានមកបំពេញការងារក្នុងកងយោធពលខេមរភូមិន្ទវិញ ប្រកបដោយគុណភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការអបអរដល់ លោក រីឆាត ម៉ាល ដែលត្រូវបានទទួលតំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នាពេលថ្មីៗនេះ ដោយសម្ដេចបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី មានតាំងពីយូរលុងណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនេះបានទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។ អូស្ត្រាលីបានជួយដល់ក្រសួងការពារជាតិកម្ពុជា ជំហានដំបូងលើការចងក្រង តាក់តែងសៀវភៅការពារជាតិ ដែលជាគោលនយោបាយការពារជាតិមួយដ៏មានសារៈសំខាន់ ហើយសៀវភៅការពារជាតិឆ្នាំ២០២២ ទើបតែបានប្រកាសជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ ដែលជាការឈានចេញពីការបណ្ដុះបណ្ដាលរបស់អូស្ត្រាលី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ទៅកាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ថា ការសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុម ការយោគយល់គ្នា ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាសារប្រយោជន៍ដ៏សំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម