ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ។

ប្រទេសទាំងពីរ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែងរួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង “កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក” លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ក្នុងខែមេសា ឆ្នាំ២០២២ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធាជាន់ខ្ពស់ រួមមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តមឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូហ្ស៊ី ជាដើម។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារ) ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមយ៉ាងមុតមាំថា នឹងមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនថែមទៀតរវាងប្រទេសយើងទាំងពីរនៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត មិកាមិ និងសហការីនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិយើងទាំងពីរ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍដ៏រយៈពេលវែងនៅកម្ពុជា ៕ រក្សាសិទ្ធិដោយៈ ចេស្តារ






