ភ្នំពេញ ៖ ក្នុងជំនួបបញ្ចប់បេសកម្មរបស់ លោកស្រី អូហ៊ីល បួរីស (Ophile BOURHI) និងអ្នកដែលត្រូវចូលមកជំនួស គឺលោកស្រី សាន់ឌ្រីន បួឆឺរ (Sandrine Boucher) ទទួលបន្ទុកការងារជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថ្មី ប្រចាំកម្ពុជា ពិភាក្សាជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, មន្ត្រីជាន់ខ្ពស់ទាំង៣រូប បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា។

កិច្ចពិភាក្សារបស់មន្ត្រីជាន់ខ្ពស់ទាំង៣រូប គឺ លោកស្រី អូហ៊ីល បួរីស (បញ្ចប់បេសកកម្ម), លោកស្រី សាន់ឌ្រីន បួឆឺរ (នាយិកាចូលកាន់តំណែងជំនួស ទទួលបន្ទុកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ អ្នកទាំងបីបានប្តេជ្ញាចិត្តបន្តរួមចំណែកជួយធ្វើឲ្យអនុត្តរភាពនៃប្រព័ន្ធធារាសាស្រ្តទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនកាន់តែប្រសើរថែមទៀត។
ក្នុងកិច្ចពិភាក្សាបានបង្ហាញថា កិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ក៏ដូចជាសហគមន៍អឺរុប (EU) បាននិងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ដែលបានអនុវត្តកាលពីឆ្នាំ២០១៩ លើការងារកែលំអ និងជួសជុលស្តារឡើងវិញនូវព្រែកចំនួន១៥ ក្នុងខេត្តកណ្តាល បានបញ្ចប់ជាស្ថាពរ, ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ កង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង សម្រេចបានប្រមាណ ៣០% , និងការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ សម្រេចបានប្រមាណ ១១% នៃផែនការសាងសង់។

ជាមួយគ្នានេះ ៣កិច្ចសន្យា នៃអនុគម្រោង បានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា, ហើយ ៦ អនុគម្រោងកំពុងដំណើរការដេញថ្លៃ។
ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី២ ភាគីទាំងពីរកម្ពុជា-ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សម្រេចបានកន្លងមក គឺការធ្វើឲ្យកាន់តែប្រសើរនូវកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា-បារាំង ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់មកហើយ និងសូមកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឃវិស័យធនធនទឹក និងសេដ្ឋកិច្ច សង្គម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










