ភ្នំពេញ ៖ “សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ និងបានបង្កលក្ខណៈឱ្យមានការកើនឡើងខ្លាំងនូវភាគរយនៃប្រជាពលរដ្ឋ មានជីវភាពកម្រិតកណ្តាល និងមានការអប់រំខ្ពស់ ដែលមានឥរិយាបទកាន់តែប្រសើរឡើងចំពោះបរិស្ថាន”។ នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Fabien Gonguet នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការចងក្រងទិន្នន័យ និងការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនផងដែរ។ ដោយឯកឧត្តមបានបញ្ជាក់ថា ផ្អែកទៅលើការសិក្សាការប្រែប្រួលអាកាសធាតុ (Climate Change Projection) កម្ពុជាទទួលរងផលប៉ះពាល់ដែលរួមមានទឹកជំនន់ និងភាពរាំងស្ងួត ដែលទាមទាឱ្យគម្រោងវិនិយោគទាំងសាធារណៈ និងឯកជន គិតគូរអំពីបញ្ហានេះឱ្យបានហ្មតចត់។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសទៅលើសេដ្ឋកិច្ច និងហេដ្ឋារច្ចនាសម្ព័ន្ធរូបវ័ន្ត។

ចំណែកប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រង និងការចែករំលែកទិន្នន័យដ៏មានសារសំខាន់ ជាពិសេសគឺបញ្ជីគម្រោងសិក្សា ក្នុងការៀបចំគោលនយោបាយបរិស្ថានជាតិ។ សូមបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤ បានរៀបចំផែនការស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុត្រូវបានដាក់បញ្ជូលទៅក្នុងផែនការថវិកាជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





