ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី កោតសរសើរកម្ពុជាដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាព

ភ្នំពេញៈ លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានថ្លែងកោតសរសើរកម្ពុជាដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាពនាសម័យកាលអ៊ុនតាក់សំដៅជួយដល់បណ្តាប្រទេសរងគ្រោះមហន្តរាយដោយជម្លោះប្រដាប់អាវុធ និងទទួលបានការលើកទឹកចិត្តពីបណ្តាប្រទេសនានាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងអះអាងពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាបន្តទៀតជាមួយកម្ពុជា។ ការថ្លែងកោតសរសើរនេះ ក្នុងជំនួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

លោកស្រី Kathryn Campbell បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះផ្តោតជាសំខាន់លើការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងមកហើយរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ហើយក៏ស្របទៅនឹងខួបលើកទី៣០ ដែលអូស្ត្រាលីបានបញ្ជូនកងកម្លាំងយោធាមួកខៀវរបស់ខ្លួនមកស្វែងរកសន្តិភាពសំដៅបញ្ចប់សង្គ្រាមរាំរ៉ៃរយៈកាលជាង៣ទសវត្សរ៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់នូវរាល់កិច្ចសហប្រតិបត្តិការល្អប្រសើរ និងការគាំទ្រដល់កងយោធាមួកខៀវកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាព។ អូស្ត្រាលីជាប្រទេសដំបូងបង្អស់ដែលបានជួយជ្រោមជ្រែងគាំទ្រកម្ពុជាលើវិស័យរក្សាសន្តិភាពនាឆ្នាំ២០០៦ ដែលកម្ពុជាចាប់ផ្តើមបញ្ជូនកងទ័ពមួកខៀវទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍បញ្ជាក់ថា ដោយទទួលបានការគាំទ្រនិងបណ្តុះបណ្តាលជំនាញលើវិស័យរក្សាសន្តិភាពពីប្រទេសអូស្ត្រាលីនិងបណ្តាប្រទេសជាមិត្តក្នុងរយៈកាល ១៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨.៣០២នាក់ ក្នុង ចំណោមនេះនារីចំនួន៥៨០នាក់ទៅកាន់តំបន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩រួមមានៈប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឹស ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានសំណូមពរដល់ភាគីអូស្ត្រាលីក្នុងការជួយបណ្តុះបណ្តាលជំនាញវិស័យរក្សាសន្តិភាពឲ្យដល់កងយោធាមួកខៀវកម្ពុជា ពិសេសកងកម្លាំងមួកខៀវនារីកម្ពុជាសំដៅបង្កើនកម្រិតសមត្ថភាពនិងបរិមាណតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។

សូមជម្រាបថា លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១២-១៤ ខែមិថុនា ឆ្នាំ២០២២។៕ ដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម