ភ្នំពេញ ៖ កម្ពុជាពេលនេះ កំពុងធ្វើការផ្សព្វផ្សាយចែករំលែកយ៉ាងសកម្មនូវវិស័យកសិ-ម្ហូបអាហារ រួមទាំងផែនការយុទ្ធសាស្ត្រផ្សេងៗលើការពង្រីកការនាំចេញផ្នែកកសិ-ម្ហូបអាហារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើវិធានការមិនមែនពន្ធគយ (NTMs) ដើម្បីកំណត់អត្តសញ្ញាណសំខាន់ៗដែលជាតម្រូវការក្នុងចំណោម កសិ-ម្ហូបអាហារ របស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឯកជន ដើម្បីពង្រីកសក្តានុពលនាំចេញកសិ-ម្ហូបអាហាររបស់ពួកគេ។

ការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ស្ដីពី កសិ-ម្ហូបអាហារ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ ធ្វើឡើងតាមរយៈការបង្កើតវេទិកាមួយ រៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយវិទ្យាស្ថានមេគង្គ (MI) ក្រោមប្រធានបទ «ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក» នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត រីជេនស៊ី ភ្នំពេញ។
វេទិកានេះ មានការចូលរួមពីសំណាក់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. , លោកស្រី មៀរៀ ធើរីសា ម៉េដៀលដៀ (Maria Theresa S.Medialdia) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថានមេគង្គ, ក្រុមមន្ត្រីមកពីបណ្ដាអង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធជាខ្រើនទៀត ក្រោមការជួយគាំទ្រពីគម្រោង PROSAFE ដែលផ្តល់មូលនិធិដោយកម្មវិធីជំនួយប្រទេសនូវែលសេឡង់។ វេទិកានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានលើកឡើងថា បញ្ហាសុវត្ថិភាពម្ហូបអាហារនេះ ប្រសិនបើមានការធ្វេសប្រហែសលក្ខណៈបច្ចេកទស ទាំងការវេចខ្ចប់ ពោលគឺ ខ្វះអនាម័យ និងបង្កឱ្យប៉ះពាល់សុខភាពនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញ និងឈានទៅប៉ះពាល់ដល់វិស័យទេសចរណ៍ អ្នកគ្រប់គ្រងចំណីអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សុវត្ថិភាពម្ហូបអាហារនេះ រាជរដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវពាក់ព័ន្ធនឹងគុណភាពទំនិញ និងសេវាកម្មដែលផលិត និងប្រើប្រាស់ដោយប្រជាពលរដ្ឋលើផ្នែកសុខភាព សុវត្ថិភាព ការក្លែងបន្លំ និងបរិស្ថាន។
ដូច្នេះ ប្រធានបទសុវត្ថិភាពចំណីអាហារនេះ គឺជាការទទួលខុសត្រូវពហុវិស័យ ដែលក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមចំណែកក្នុងការទទួលខុសត្រូវលើវិស័យបញ្ហាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ មានចំនួន១១ជំពូក និង៤៣មាត្រា គឺមានគោលបំណងកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់ អនាម័យ គុណភាព និងសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

