ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ត្រូវការធនធានមនុស្សដែលមានលក្ខណសម្បត្តិនិងគុណវុឌ្ឍសមស្រប ទាំងជំនាញរឹង ទាំងជំនាញទន់ តាមរយៈការបណ្តុះ បណ្តាលដ៏ត្រឹមត្រូវនិងមានគុណភាព ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវនៅតាម អង្គភាពសាមីរបស់ខ្លួនឱ្យបានល្អប្រសើរ។ ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ជំនាន់ទី១៥លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបញ្ចាក់ផងដែរថា «បើក្មួយៗ មិនចេះជំនាញនគរបាល តើក្មួយៗធ្វើការងារនគរបាលដោយរបៀបណា?” ហេតុនេះទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ ក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែឆ្លងកាត់វគ្គ បណ្តុះបណ្តាលជំនាញនគរបាលជាដាច់ខាត ដោយគ្មានការលើក លែងនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់សិស្សជានគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ដល់អង្គភាពព្រមទាំងការពារសង្គមជាតិយើង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាលានគរបាលជាតិភូមិភាគ៦ ដែលបានរៀបចំវគ្គបណ្តុះ បណ្តាលនេះឱ្យដំណើរការបានល្អ និងសម្រេចបានជោគជ័យតាមកម្មវិធី សិក្សាដែលបានកំណត់។ ហើយសូម ចូលរួមអបអរសាទរដល់ ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់, ដែលបានខិតខំសិក្សារៀនសូតតស៊ូ ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា ស្របតាមបំណងប្រាថ្នា របស់ខ្លួននិងតម្រូវការរបស់ក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ដោយផ្អែកលើគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរ បាលជាតិ ក្នុងការបំពេញភារកិច្ចលើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ ។
សម្ដេចក្រឡាហោម សខេង ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សិស្សជ័យលាភីទាំងអស់ត្រូវយកចំណេះដឹងនិងជំនាញ ទៅប្រើប្រាស់ ឲ្យមានប្រយោជន៍ដល់អង្គភាព ការពារនិងប្រជាជនក្នុងសង្គមជាតិយើង ព្រមទាំងគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ត្រូវមានអត្តចរិតល្អ ដើម្បីធ្វើជាមន្ត្រីនគរបាលល្អរបស់ប្រជាជនយើងក្នុងការបម្រើសេវាសាធារណៈ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ: ចេស្តារ





