Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ថា វិស័យធានារ៉ាប់រងកំពុងរីកចម្រើនជួយសង្គ្រោះហានិភ័យសាធារណៈជន និងជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងសិក្ខាសាលាស្ដីពី «តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា
បានលើកឡើងថា «សម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ អនុវិស័យធានារ៉ាប់រង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ, អនុវិស័យនេះមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងអភិវឌ្ឍប្រែក្លាយជាវិស័យសក្តានុពលមួយ ក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

លោក រស់ សីលវ៉ា បានថ្លែងថា តម្រូវការធានារ៉ាប់រងអាយុជីវិត ដែលកំពុងកើនឡើង ត្រូវបានជំរុញដោយការយល់ដឹងទូទៅ ក្នុងចំណោមសាធារណជន តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ ពីសំណាក់វិស័យសាធារណៈ និងឯកជន ស្របពេលការយល់ដឹងរបស់សាធារណជន បាននិងកំពុងមានការផ្លាស់ប្តូរជាវិជ្ជមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ កំពុងបង្កើនការយកចិត្តទុកដាក់ ជាមួយនឹងនិន្នាការអភិវឌ្ឍន៍របស់ខ្លួន។

លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យធានារ៉ាប់រង, រាប់ទាំងការធានារ៉ាប់រងអាយុជីវិត មាននិន្នាការ ២ ដូចជា ៖

១- ការកើនឡើងនៃការយល់ដឹងជាវិជ្ជមាន ចំពោះការធានារ៉ាប់រងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមគ្រួសារ ដែលមានចំណូលមធ្យម។

២- ការចាប់ផ្តើម និងបង្កើនការផ្តល់សេវាបែបឌីជីថល ពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រង តាមរយៈការវិនិយោគ និងការខិតខំបង្កើនប្រសិទ្ធភាពផ្តល់សេវា។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរង់កម្ពុជា បានពន្យល់ថា វិស័យធានារ៉ាប់រង មានមុខងារពិសេសមួយ គឺសមត្ថភាពស្រូបយកហានិភ័យ ដែលអាចនាំឱ្យបុគ្គលធ្លាក់ក្នុងភាពក្រីក្រ ឬទុក្ខវេទនា ដោយសារការបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ប៉ុន្តែអាចទទួលបានផលប្រយោជន៍ពីវិស័យធានារ៉ាប់រង, ក្នុងប្រទេសមានទីផ្សារធានារ៉ាប់រងរីកចម្រើនខ្លាំង ភាពធន់នៃសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ចនានា ក៏ត្រូវមានភាពរឹងមាំផងដែរ ដោយសារតែមានការការពារយ៉ាងច្រើនក្រោមវិសាលភាពនៃសេវាធានារ៉ាប់រង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×