ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា-សាធារណរដ្ឋកូរ៉េ បានសម្រេចលើគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១.៥ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។

ការសម្រេចអភិវឌ្ឍលើគម្រោងធំៗដែលមានទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី៤ ដែលបានរៀបចំឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ ដោយមាន លោកស្រី គីម ឃ្យុងហ៊ី (KIM Kyung Hee) តំណាងរដ្ឋាភិបាលកូរ៉េ ធ្វើជាសហប្រធានជាមួយ លោក ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងអភិវឌ្ឍន៍ធំៗដែលត្រូវប្រើប្រាស់ថវិកាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើនេះ មានដូចជា ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្ត្រ, ថាមពល, ទឹកស្អាត និងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុងវិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជា-សាធារណរដ្ឋកូរ៉េ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀត គឺចុះហត្ថលេខាកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០លានដុល្លារអាមេរិក។

លោកស្រី គីម ឃ្យុងហ៊ី (KIM Kyung Hee) បានថ្លែងថា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឲ្យកម្ពុជាត្រឡប់មករកប្រក្រតីភាព បើកដំណើរការប្រទេសឡើងវិញ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១.៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១.៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណ ជាង៤៥៥ លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








