Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន បានបញ្ចប់កិច្ចពិភាក្សា ក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន-យុត្តិធម៌ រួចរាល់ហើយ

ភ្នំពេញៈ ឯកឧត្តម មាស សុភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិត ក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និង ក្រសួងយុត្តិធម៌ រួចរាល់ហើយ ហើយក្រសួងព័ត៌មាន ក៍កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ទៅតាមនីតិវិធីដើម្បីស្នើសុំការ សម្រេចក្នុងកិច្ចប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ និងអនុសាសន៍ណែនាំបន្ថែម សម្រាប់ការដាក់ស្នើសុំការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ន នីតិបញ្ញត្តិតាមនីតិវិធី។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីមានក្រុមសង្គមស៊ីវិលមួយចំនួនតូចនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ បានដាក់ញ្ញត្តិជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំអន្តរាគមន៍ដើម្បីបញ្ចប់ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដាក់មានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាពុំមែនជាប្រទេសចុងក្រោយគេនោះទេ ក្នុងតំបន់អាស៊ានដែលមិនទាន់មានច្បាប់នេះ ។ ក្នុងតំបន់អាស៊ានទើបមានប្រទេសចំនួន៤ប៉ុណ្ណោះដែលមានច្បាប់នេះ ហើយកម្ពុជានឹងអាចជាប្រទេសទី៥ ក្នុងតំបន់អាស៊ានដែលនឹងមានច្បាប់នេះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា សេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននេះ មានការបើក យ៉ាងទូលំទូលាយក្នុងកាចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ហើយសេចក្ដីព្រាងច្បាប់នេះ ពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូបដែលធានានូវសិទ្ធិទទួលព័ត៌មានពីស្ថាប័នសាធារណៈ ដូច្នេះហើយទើបច្បាប់នេះ ប្រើពេលច្រើនបន្តិចដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់ ។ ម្យាងវិញទៀត ដូចដឹងស្រាប់ហើយ ដោយសារ ផលប៉ះពាល់នៃដំណើរការសង្គម ក្នុងកំឡុងពេលនៃការរីករាលដាល នៃជំងឺកូវិដ១៩ នៅកម្ពុជា និងការបំពេញភារកិច្ចសំខាន់ៗរបស់ជាតិ ជាលក្ខណៈអន្តរជាតិច្រើន ទើបសេចក្តីព្រាងច្បាប់ នេះត្រូវបានពន្យាពេលខ្លះៗក្នុង ដំណើរការស្នើសុំ ការ អនុម័ត ទៅ ទីស្តី ការ គណៈរដ្ឋមន្ត្រី និង ស្ថាប័ននីតិបញ្ញត្តិប៉ុន្តែនេះពុំមានន័យថា ក្រសួងព័ត៌មាន បោះបង់ចោល សេចក្ដីព្រាងច្បាប់នេះនោះទេ ។ ក្រសួងព័ត៌មាន នឹងខិតខំ បន្តដំណើរការសេចក្តី ព្រាងច្បាប់នេះបន្ត ទៅតាមនីតិវិធី និងសូមលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធទាំងអស់ ទុកលទ្ធភាពឲ្យក្រសួងព័ត៌មាន ធ្វើកិច្ចការនេះបន្តទៀត។ ទោះបី សេចក្ដីព្រាងច្បាប់ នេះ ពុំទាន់ត្រូវបានអនុម័ត ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ យើងមានច្បាប់របបសារព័ត៌មាន និងតាមរយះយន្តការរបស់ រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមាននូវ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ក្រុមអ្នកនាំពាក្យក្រសួង -ស្ថាប័ន និង អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន រាជធានី-ខេត្ត យើងសង្កេតឃើញថា ការទទួលបានព័ត៌មាន របស់អ្នកសារព័ត៌មាន យើងមានភាពកាន់តែ ប្រសើរឡើង ហើយទំនាក់ទំនង រវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ក៏ប្រសើរជាងមុនដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួអព័ត៌មាន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់កម្រិត និង អ្នកសារព័ត៌មានទាំងអស់ បន្តពង្រឹង នូវ កិច្ចសហការល្អ ជាមួយគ្នា និងគោរពនូវតួនាទី ភារកិច្ចសិទ្ធ និងការទទួលខុសត្រូវ របស់ខ្លួននិងឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់ដែលប្រគល់ឲ្យ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×