ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា “ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយ រវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង «សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ?”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



