គម្រោងសហប្រតិបត្តិការបច្ចេកទេស ស្តីពី «ការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)» មាន រយៈពេល៥ឆ្នាំ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវបានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ ជាមួយ ក្រសួងយុត្តិធម៌កម្ពុជា ដើម្បីពង្រឹងវិស័យច្បាប់ ជាពិសេសច្បាប់រដ្ឋប្បវេណី វិជ្ជាជីវ:ច្បាប់ និងវិជ្ជាជីវ:តុលាការ។
ការចុះហត្ថលេខាលើ ” គម្រោង អភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦) ” នេះ ធ្វើឡើងរវាង ក្រសួងយុត្តិធម៌កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌, ចាប់ផ្តើមអនុវត្តពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧។

តាមរយ:គម្រោងនេះ ប្រព័ន្ធនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពផ្នែកច្បាប់ នឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្តុះ-បណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ចៅក្រម និងវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ។
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ពួកគេទាំងពីរ បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចាត់ទុកការពង្រឹងវិស័យច្បាប់ និងយុត្តិធម៌ជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលប្រទេសជប៉ុនជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយគម្រោងនេះ មានគោលបំណងដើម្បីពង្រឹងប្រព័ន្ធនៃការបណ្តុះបណ្តាលច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀតក្នុងវិស័យរដ្ឋប្បវេណីឱ្យបានកាន់តែល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








