ស្វាយរៀង ៖ នេះចាត់ទុកថា ជាការចាប់អារម្មណ៍មុតមាំមួយបន្ថែមទៀតរបស់ប្រទេសឥណ្ឌូនេស៊ីទៅលើសក្ដានុពលវិនិយោគ ពាណិជ្ជកម្ម នៅខេត្តស្វាយរៀងរបស់កម្ពុជា ដោយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង លោក ស៊ូដៀម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងក្រុមការងារមួយចំនួនទៀត បានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសធ្វើការវិនិយោគបណ្ដាក់ទន់រកស៊ីនៅក្នុងខេត្តស្វាយរៀង។

លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុមការងាររបស់លោកបាននាំក្រុមការងារស្ថានទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី ដែលមានបំណងមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងនេះ ចុះបំពេញទស្សនកិច្ចនៅរោងចក្រកង់ក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាធេន និងរោងចក្រផលិតគ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ផ្សាររួចពន្ធ ព្រមទាំងចុះសិក្សាស្វែងយល់អំពីពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម។
ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រ និងស្ថានទូតឥណ្ឌូណេស៊ី ពួកគេបានលើកឡើងពីចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងវត្ថុធាតុដើម ការដំឡើងកង់ និងផលិតគ្រឿងអគ្គិសនី ព្រមទាំងទីផ្សារនាំចេញ។

លោក ស៊ូដៀម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានថ្លែងថា ក្រោយបានឃើញបរិយាកាស និងស្ថានភាពទូទៅនៅក្នុងខេត្តស្វាយរៀង ជាពិសេសអំពីវិស័យវិនិយោគ លោកនឹងផ្ដោតការយកចិត្តទុកដាក់នាំអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














