ភ្នំពេញ ៖ បើតាមសារាចរណែនាំ នៃសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើងជាលំដាប់ ២ឆ្នាំជាប់គ្នា។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ បញ្ជាក់ថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តកើនឡើង ក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសាកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចនេះ អាចសម្រេចបានក្នុងរង្វង់៦.៦%។

សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទោះជាយ៉ាងនេះក្ដី ផលប៉ះពាល់នៃសង្គ្រាមនេះ មកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរ មានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ ដោយការសម្រេចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឲ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ ជាមូលដ្ឋានសំខាន់សម្រាប់ការ បើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាព។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសាកល និងទំនុកចិត្តអ្នកវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។ ចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន ៖ អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











