ត្បូងឃ្មុំ ៖ តំបន់ប្រវត្តិសាស្រ្ត ភូមិកោះថ្ម X-១៦ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពី ៤៥ឆ្នាំមុន ជាកន្លែងពោរពេញទៅដោយក្ដីរន្ធត់ ជូរចត់ កំសត់អត់ឃ្លាន និងក៏ក្លាយជាការតាំងចិត្តដ៏មុតមាំមួយរបស់វីរៈកងទ័ពអតីតសមមិត្ត ហ៊ុន សែន និងអតីតសមមិត្តមួយចំនួនទៀត ក្នុងការផ្ដើមឆ្ពោះទៅរំដោះជាតិ ផ្ដួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត, ពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន សម្រាប់ ទុកជាការចងចាំ និងអនុស្សាវរីយ៍ជាសារណាដល់យុវជនជំនាន់ក្រោយ, ហើយត្រូវបាន សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំក្រុមការងារចុះពិនិត្យមើលដើម្បីត្រៀមសម្ពោធសមិទ្ធផលទាំងឡាយ និងធ្វើពិធីអបអរសាទរខួបលើកទី៤៥ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរជាច្រើន រួមមាន លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៏នៃកងកម្លាំងទាំង៣, ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ , លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្តនេះ ដើម្បីត្រៀមសម្ពោធ និងធ្វើពិធីអបអរសាទរឆាប់ៗនេះ។
សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X-១៦ រយៈពេល ៤៥ឆ្នាំ មកនេះ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) ត្រូវបានកសាងសមិទ្ធផលនានាដូចជា រូបសំណាកព្រះអង្គគោកធ្លក អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើ និងផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ.-ល-។ ទីនេះទៀតសោត ពេលនេះ ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពីធីរំលឹកខួបលើកទី៤៥ឆ្នាំនេះ គឺជាការរំលឹកពីដំណើរតស៊ូលះបង់ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពអតីតសមមិត្ត ហ៊ុន សែន និងសមមិត្តដែលជាឥស្សរជនស្នេហាជាតិផ្សេងៗជាច្រើនទៀត សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំនូវគំរូវីរៈភាព ក្នុងការរំដោះជាតិមាតុភូមិ ចេញពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបខ្មៅងងឹត សាហាវព្រៃផ្សៃ យង់ឃ្នង។
ពីធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរំដោះជាតិ ឬផ្ដួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត នេះ បើតាមការគ្រោងទុក នឹងអញ្ជើញចូលរួមជាអធិបតីពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















