នៅ រសៀល ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ អ្នកគាំទ្រកីឡាបាល់ទាត់ រាប់ពាន់នាក់បានឈរតម្រង់ជួរ នៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរង់ចាំយ៉ាងអន្ទះសារ នូវឱកាសដ៏កម្របំផុតមួយ ក្នុងឆាកជីវិតដើម្បីទស្សនា ពានបាល់ទាត់ពិភពលោកមួយនេះ។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” នាំមកជូនដោយក្រុមហ៊ុនកូកា-កូឡា ដោយនាំយកពានដើរ មកបង្ហាញជូនទស្សនា ដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធ ដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើង សម្រាប់អ្នកគាំទ្រកីឡា។

ព្រឹត្តិការណ៍ ដ៏ពិសេសនេះ បានចាប់ផ្តើមជាមួយ នឹងការសម្តែងស្វាគមន៍ ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើត បរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និងអ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រ កីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនា ពានបាល់ទាត់ពិភពលោក ដើមមួយនេះ។
ទោះបីអ្នកមានសំណាងចូលរួម ត្រឹមតែ ២ ពាន់នាក់ មានសិទ្ធិផ្តាច់មុខថតរូប ជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀត ក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគុំតន្ត្រី ដែលបានរៀបចំធ្វើឡើង បន្ទាប់ពីការបើកបង្ហាញពាន បានបើកស្វាគមន៍សាធារណជនទូទៅ ជាមួយ នឹងការសម្ដែងពី DJ និងសិល្បករ សិល្បការនីក្នុងស្រុកល្បីៗ ផងដែរ ដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។
ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់ សហព័ន្ធ បាល់ទាត់ ពិភពលោក (FIFA) ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការរៀបចំ ព្រឹត្តិការណ៍ ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភព FIFA World Cup™ ដោយផ្តល់ឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជុំវិញពិភពលោកនូវឱកាសដើម្បីមើលពានរង្វាន់បាល់ទាត់ដែលគ្រប់ប្រទេសប្រាថ្នាចង់បានបំផុតនៅលើពិភពលោក មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022™។

វាជានិមិត្តសញ្ញាកីឡាដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក នឹងជានិមិត្តរូបមិនអាចកាត់ថ្លៃបាន ពានរង្វាន់បាល់ទាត់ពិភពលោកពិតប្រាកដ FIFA World Cup™ (រូបដើម) អាចនឹងត្រូវបានកាន់នឹងប៉ះផ្ទាល់ដោយក្រុមមនុស្សមួយចំនួនតូចដែលត្រូវបានសម្រិតសម្រាំងជម្រើសយ៉ាងខ្លាំង រួមមានអតីតអ្នកឈ្នះនៃការប្រកួតបាល់ទាល់ពិភពលោក FIFA World Cup™ និងប្រមុខរដ្ឋតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ ចាប់ផ្តើមនៅក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ហើយនេះ គឺលើកទី៥ ហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា។
បេសកកម្មនៃព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗដែលដំណើរគោចរនេះបានទៅដល់។ នេះជាលើកដំបូងបង្អស់ ដែលអ្នកចូលរួមនឹងត្រូវបានដឹកនាំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ជាលក្ខណៈឌីជីថល កាត់បន្ថយសំរាមនៅគ្រប់កន្លែងសម្រាកសម្រាប់ដំណើរកម្សាន្តមួយនេះ សម្ភារៈទាំងអស់ គឺ ផលិតនៅក្នុងស្រុក នឹងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារៈ រួមទាំងធនធានផ្សេងៗទៀតផងដែរ៕
























































