Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ប្រវត្តិសាស្រ្តដំណើរឆ្ពោះទៅរំដោះជាតិ និងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចតេជោបញ្ជាក់ថា យកជីវិតធ្វើដើមទុន !

ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មីញជឿង នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពីធីរំលឹកខួបលើកទី ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរំដោះជាតិ និងផ្ដួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ដែលទីតាំងផ្ដើមយកជីវិតធ្វើដើមទុនស្វែងរកជំនួយនៅប្រទេសវៀតណាមនោះ គឺតំបន់ប្រវត្តិសាស្រ្ត ភូមិកោះថ្ម X-១៦។

ភូមិកោះថ្ម X-១៦ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពី ៤៥ឆ្នាំមុន ជាកន្លែងពោរពេញទៅដោយក្ដីរន្ធត់ ជូរចត់ កំសត់អត់ឃ្លាន និងក៏ក្លាយជាការតាំងចិត្តដ៏មុតមាំមួយរបស់វីរៈកងទ័ពអតីតសមមិត្ត ហ៊ុន សែន និងអតីតសមមិត្តមួយចំនួនទៀត ក្នុងការផ្ដើមឆ្ពោះទៅរំដោះជាតិ ផ្ដួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត, ពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន សម្រាប់ ទុកជាការចងចាំ និងអនុស្សាវរីយ៍ជាសារណាដល់យុវជនជំនាន់ក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផែនការផ្ដើមចេញទៅស្វែងរកជំនួយនៅប្រទេសវៀតណាម កាលពី ៤៥ឆ្នាំមុន ដើម្បីឆ្ពោះទៅរំដោះជាតិ និងផ្ដួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត, នាគ្រានោះ ខ្ញុំជ្រើសរើសយកតែមនុស្ស ៥នាក់ប៉ុណ្ណោះ ដោយមិននាំកងទ័ពទាំងមូលទៅនោះទេ, កាលណោះ ប្រសិនបើខ្ញុំមិនធ្វើសកម្មភាពរើបង្រះខ្លួននោះទេកាលពី៤៥ឆ្នាំមុន ប្រាកដណាស់ ខ្ញុំពិតជាស្លាប់។

សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាតឲ្យសម្តេចបានទៅអ៊ុចធូប និងថ្លែងអំណរគុណពលរដ្ឋវៀតណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន។

ពោលពាក្យបណ្ដើរ រំជួលចិត្តបណ្ដើរដោយសំឡេងបង្ហាញនៅសូរស័ព្ទអួលដើម.ក និងទឹកភ្នែកបានរមៀលធ្លាក់មកតាមចង្អូរច្រមុះ រហូតដល់បបូរមាត់ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជាសមមិត្ត បានតាំងចិត្តធ្វើអត្តឃាត ប្រសិនបើកម្លាំង ប៉ុល ពត ចាប់ខ្លួនបាន, សម្ដេចពោលថា រឿងដែលពិបាកបំផុត គឺការសរសេរសំបុត្រជូនមកជូនភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី ៤៥ឆ្នាំ ដោយសារតែមិនអាចបង្ហាញទីតាំងរបស់ខ្លួនបាន, ព្រោះខ្លាចបែកការណ៍ កម្លាំង ប៉ុល ពត តាមទាន់និងចាប់ខ្លួនយកទៅសម្លាប់ចោល។ ដូច្នេះ បើគ្មាន២០ មិថុនា ១៩៧៧, ក៏គ្មាន ១២ ឧសភា និង ២ ធ្នូ ឆ្នាំ១៩៧៨ ដែរ, ហើយក៏រឹតតែគ្មានថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ នោះដែរ។

សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X-១៦ រយៈពេល ៤៥ឆ្នាំ មកនេះ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) ត្រូវបានកសាងសមិទ្ធផលនានា ដូចជា រូបសំណាកព្រះអង្គគោកធ្លក អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើ និងផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ.-ល-។

ពីធីរំលឹកខួបលើកទី៤៥ឆ្នាំនេះ គឺជាការរំលឹកពីដំណើរតស៊ូលះបង់ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពអតីតសមមិត្ត ហ៊ុន សែន និងសមមិត្តដែលជាឥស្សរជនស្នេហាជាតិផ្សេងៗជាច្រើនទៀត សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំនូវគំរូវីរៈភាព ក្នុងការរំដោះជាតិមាតុភូមិ ចេញពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបខ្មៅងងឹត សាហាវព្រៃផ្សៃ យង់ឃ្នង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×