ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលថ្មីចំនួន ០១ខ្នង កម្ពស់ ២ជាន់ មាន១៥បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។
មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលថ្មីដ៏មានសារៈប្រយោជន៍នេះ និងសូមកោតសរសើរចំពោះទឹកចិត្តសប្បុរសជននានា រួមទាំងការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ការកសាងអគាររដ្ឋបាលថ្មីនេះរហូតចប់រួចរាល់ជាស្ថាពរ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកថា កាលដើមឡើយ សាលារៀនមួយនេះ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយពួកប៉ុល ពត អត់សាសនា អត់ការអប់រំ ប៉ុន្តែយើងបានកសាងឡើងវិញនៅឆ្នាំ១៩៨៤ និងដាក់ឈ្មោះថាអនុវិទ្យាល័យជ្រោយចង្វារ។ នៅពេលនោះ យើងខិតខំរហូតកសាងបានអគារសិក្សាធ្វើអំពីថ្មបន្ថែមជាច្រើនខ្នង និងមានសម្ភារៈសិក្សាគ្រប់គ្រាន់ ដែលផ្តល់លទ្ធភាពឲ្យសិស្សអាចរៀនសូត្រស្រូបយកចំណេះដឹងបាន និងបានប្តូរឈ្មោះមកជាវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារវិញ ដើម្បីឧទ្ទិសដល់គុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ដែលបានណែនាំឲ្យធ្វើយ៉ាងណារៀបចំតំបន់នេះកុំឲ្យមានទឹកជន់លិច បង្កការលំបាកដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់សម្រាប់រួមចំណែកដល់ការកសាងសង្គមអារ្យធម៌មួយ ប្រកបដោយសុខុដុមរមនា សុភមង្គល មានសណ្តាប់ធ្នាប់ និងការរីកចម្រើនជាលំដាប់។ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល ក្មួយៗ ក៏បានមករៀននៅសាលារៀនវិញជាធម្មតា ក្រោយពីអាក់ខានមិនបានរៀនដូចធម្មតាអស់រយៈជាង២ឆ្នាំមកនេះ ដោយសារការរាតត្បាតកូវីដ-១៩ចូលក្នុងសហគមន៍របស់យើង។ ប៉ុន្តែទោះបីជាមិនអាចមករៀនផ្ទាល់នៅសាលាបានក៏ពិតមែន រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីឱ្យក្មួយៗ អាចសិក្សាតាមកម្មវិធីអនឡាញ តាមកម្មវិធីទូរទស្សន៍ វិទ្យុ និងតាមកម្មវិធីក្នុងទូរស័ព្ទរបស់ក្រសួងអប់រំជាដើម។ ការខិតខំទាំងអស់នេះ គឺដើម្បីធានាថាសិស្សានុសិស្សនៅតែអាចទទួលបានការបណ្តុះបណ្តាលស្របតាមកម្មវិធី និងដើម្បីរៀនសម្របខ្លួនរបៀប “ការរស់នៅតាមគន្លងប្រក្រតីថ្មី”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូល ចាប់ពីកុមារអាយុ៣ឆ្នាំឡើង ទៅដោយឥតគិតថ្លៃ ទាំងការចាក់វ៉ាក់សាំងដូសដំបូង ដូសជំរុញទី១ ទី២ ទី៣ ទី៤ ទី៥ ឬទី៦ក៏ដោយ។

សម្តេចប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នបានផ្តោតសំខាន់លើការអភិវឌ្ឍ មនុស្ស ទឹក ផ្លូវ ភ្លើង វិញម្តង។ ការប្រែប្រួលចក្ខុវិស័យ គឺសុទ្ធតែត្រូវបានគិតគូរយ៉ាងហ្ម៉ត់ចត់ និងត្រឹមត្រូវពីប្រមុខរដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជាបន្តទទួលបានការរីកចម្រើនជាលំដាប់តាមលំអានរបស់ពិភពលោក និងដើម្បីប្រជាពលរដ្ឋ បន្តរស់នៅដោយសុខ សន្តិភាព មានជីវភាពប្រសើរឡើង ទោះបីជាពេលខ្លះយើងទាំងអស់គ្នាត្រូវប្រឈម នឹងការលំបាកដែលមិនធ្លាប់ជួបពីមុន ដូចជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងដោយវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្តី អ្វីដែលរាជរដ្ឋាភិបាលធានាបានជូនប្រជាពលរដ្ឋគ្រប់ៗរូប គឺសុខសន្តិភាព ដែលយើងគ្រប់គ្នារកបានមកដោយលំបាក។ យើងមិនត្រូវបំភ្លេចចំណុចនេះឡើយ និងត្រូវរំលឹកបង្រៀនដល់ក្មេងៗជំនាន់ក្រោយ ពីគុណតម្លៃនៃសន្តិភាព ដោយបង្ហាញឱ្យពួកគេឃើញ និងយល់ថា “បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់”។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលជាច្រើនរាប់មិនអស់ត្រូវបានកសាង និងអភិវឌ្ឍនៅទូទាំងប្រទេស មិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មាន “សន្តិភាព”។
សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបាននិងកំពុងតែឈរស្មើមុខ ស្មើមាត់ នឹងប្រទេសដទៃទាំងអស់នៅលើពិភពលោក។ ក្នុងឆ្នាំ២០២១ កន្លងមកនេះ កម្ពុជាបានទទួលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីជាង៥៨ប្រទេស។ ក្នុងខែឧសភាថ្មីៗកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងនាមជាសហប្រធានដឹកនាំអង្គប្រជុំជាមួយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនេះគឺជាមោទកភាពដ៏ធំបំផុត របស់ប្រទេសជាតិយើង។ ការធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលកម្រិតតំបន់ និងពិភពលោកនេះបាន សបញ្ជាក់ឱ្យឃើញថាក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងភាពប៉ិនប្រសព្វផ្នែកនយោបាយការទូតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានធ្វើឱ្យពិភពលោក ស្ញប់ស្ញែង កោតសរសើរ និងបានប្រគល់ពានរង្វាន់សន្តិភាព ស៊ុនហាក់ SUNHAK របស់អង្គការសម្ព័ន្ធសន្តិភាពសកល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ជូនសម្តេចនាយករដ្ឋមន្រ្តី ថែមទៀតផង។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាទទួលយកររបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សមក កម្ពុជាបានរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិស្របតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានជាទៀងទាត់។ ថ្មីៗកន្លងមកនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សានៅទូទាំងប្រទេស ហើយយើងសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាឆ្នាំ២០២៣ និងប្រព្រឹត្តទៅដោយរលូន។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា ពោលគឺបន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នឹងបន្តដោះស្រាយរាល់ការខ្វះខាតក្នុងវិស័យអប់រំនេះទៅតាមកំណើននៃសិស្សានុសិស្ស មិនថាតែនៅទីក្រុង ឬតាមទីជនបទឡើយ។ អាស្រ័យហេតុនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសលោកចៅសង្កាត់ និងថ្នាក់ដឹកនាំសង្កាត់ ត្រូវបន្តកាយវិការសកម្មក្នុងការបម្រើប្រជាជនបែបនេះ និងធ្វើឱ្យកាន់តែច្រើនឡើងថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិមួយចំនួនដូចជា៖ (១)អាចយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ (២)មានគំនិតច្នៃប្រឌិត (៣)ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប (៤)ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និង(៥)ចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ និងបញ្ញា។
ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលគ្រប់រូប ត្រូវចូលរួមអប់រំកូន ឱ្យគាត់ចាកឆ្ងាយពីការប្រើប្រាស់បណ្តាញសង្គមដែលសំបូរទៅដោយការអូសទាញបែបអបាយមុខ ព័ត៌មានហិង្សា ព័ត៌មានក្លែងក្លាយ ដែលនាំឱ្យយុវវ័យញៀនងប់ងល់និងទូរស័ព្ទ រហូតដល់ការផ្តោតអារម្មណ៍រៀន ជាពិសេសអាចឈានទៅដល់ការប្រព្រឹត្តអំពើអបាយមុខនានា ដែលបំផ្លាញខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង។
សូមជម្រាបថា អគាររដ្ឋបាលថ្មី០១ខ្នង កម្ពស់២ជាន់ មាន១៥បន្ទប់ ស្ថិតក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ មានបណ្តោយ ៤៩ម៉ែត្រ និងទទឹង ៩,៧ម៉ែត្រ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ចប់សាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដែលចំណាយអស់ថវិកាចំនួន ២៥ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់លោកឧកញ៉ា លៀង ផន និងលោកជំទាវ ឈឹម ណារី៕ រក្សាសិទ្ធិដោយៈ ចេស្តារ


