Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស្នើឲ្យគណបក្សនយោបាយ លុបបំបាត់វប្បធម៌ចោទស្មានៗ ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត និងចោទថាការបោះឆ្នោតមិនត្រឹមត្រូវ

បាត់ដំបង ៖ ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែគណបក្សដែលចោទនោះ បានទទួលយកលទ្ធផលបោះឆ្នោតនោះ សម្ដេចក្រឡាហោម បានចាត់ទុកការនិយាយ និងទង្វើនោះថារឿងមិនត្រឹមត្រូវ , សម្តេចបន្តថា វប្បធម៌ហ្នឹងមួយ ដែលសម្តេច ស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត , បើគ្រាន់តែចោទស្មានៗ លុបបំបាត់ទៅ អាវប្បធម៌ហ្នឹង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែនេះ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីវឌ្ឍនភាពនៃដំណើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កាលពីពេលថ្មីៗដែលក៏ជាផ្នែកមួយនៃកំណែទម្រង់ថ្នាក់ក្រោមជាតិ។ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ សម្ដេចបានបង្ហាញមោទកភាពចំពោះប្រជាពលរដ្ឋដែលបានគាំទ្រដំណើរការបោះឆ្នោត ដោយអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករជាមួយភាពកាន់តែចាស់ទុំខាងនយោបាយ។

សម្ដេចក៏បានមានប្រសាសន៍ពីការចូលរួមចំណែកយ៉ាងសំខាន់របស់ភាគីពាក់ព័ន្ធក្នុងការដំណើរការបោះឆ្នោតនេះ ដូចជារាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ នៅពេលមានប្រសាសន៍អំពីសារៈសំខាន់ គ.ជ.ប សម្ដេចបានលើកឡើងពីការចោទសួរមួយចំនួនដែលថាតើការបោះឆ្នោតនេះធានាអព្យាក្រឹត្យដែរទេ បើសមាជិក គ.ជ.ប មានប្រភពចេញតែពីគណបក្សប្រជាជនកម្ពុជា។

សម្ដេចបានចាត់ទុកសំនួរខាងលើនេះជាសំណួរខុស និងជាសំណួរដែលតាំងឡើយដោយមនោសញ្ចេតនាណាមួយ ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំ គ.ជ.ប មានសមាសភាពមកពីប្រភពចម្រុះ ខណៈច្បាប់បានតម្រូវឱ្យលាលែងពីគណបក្សនយោបាយ និងមានការតព្វកិច្ចអនុវត្តតាមច្បាប់។ សម្ដេចចោទជាសំណួរថាតើអតីតសមាជិក គ.ជ.ប ដែលដើរចេញដោយសារអតីតគណបក្សសង្គ្រោះជាតិរំលាយនោះ ជាការបង្ហាញអព្យាក្រឹត្យឬយ៉ាងណា? សម្ដេចបន្ថែមថា«អត់មាននរណាបណ្ដេញគាត់ទេ គាត់ដេញខ្លួនគាត់ ហើយមានន័យថាគាត់ហាក់ដូចជាអារម្មណ៍គាត់នៅលើគណបក្សគាត់ គាត់អត់ទាន់ប្រកាន់ជំហរអព្យាក្រឹត្យ»។

ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែគណបក្សដែលចោទនោះបានទទួលយកលទ្ធផលបោះឆ្នោតនោះ សម្ដេចក្រឡាហោមបានចាត់ទុកការនិយាយ និងទង្វើនោះថារឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយមួយគួរបញ្ឈប់ ដោយបន្ថែមថា«នេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេវប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត[…]ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។

ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់វប្បធម៌ចោទស្មានៗនោះដែរ សម្ដេចក៏បានស្នើឱ្យអ្នកចាញ់ឆ្នោតបង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា«ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។ តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។

សម្ដេចក្រឡាហោមក៏បានស្នើប្រជាពលរដ្ឋនៅមូលដ្ឋានដែលមាននិន្នាការគាំទ្រគណបក្សផ្សេងៗគ្នានាអំឡុងពេលបោះឆ្នោតកន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នា និងគោរពការដឹកនាំ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតដាច់ ឬមានសំឡេងភាគច្រើន។ សម្ដេចក៏ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតខិតខំរួមគ្នាបំពេញភារកិច្ចបំរើប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនត្រូវផ្លែផ្កាឱ្យអ្នកចាញ់ ឬក្រុមសំឡេងភាគតិច ប៉ុន្តែរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×