ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាមួយ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅជប៉ុន ធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរកំពុងមានភាពស៊ីជម្រៅ និងបើកទូលាយរួចទៅហើយដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយជំនួបនេះ ថា លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅក្នុងដំណើរបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជា, ហើយរដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជា ចំពេលខួប៣០ឆ្នាំនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់កម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រសាសន៍ប្រាប់ សម្ដេចតេជោ ហ៊ុនសែន ថា កាលគ្រាដែលជួបពិភាក្សាជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន កន្លងទៅថ្មីៗនេះ យើងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងនៅលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា, ដូច្នេះ វានឹងជំរុញទៅដល់វិស័យការពារជាតិប្រទេសទាំងពីរកាន់តែរីកចម្រើន និងស៊ីជម្រៅ។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នេះទៀត រដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញថា រូបលោកសូមការវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំកម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសជំរុញការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង ៥ ចំណុច របស់អាស៊ាន ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលាយ, ជាពិសេស តាមរយៈការផ្លាស់ប្តូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។ ទោះយ៉ាងណា សម្ដេចតេជោ ស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន បន្តជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





