ភ្នំពេញ ៖ លោក ប៉ាឌ្រីក មូហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា នឹងត្រូវផ្លាស់ប្ដូរទៅកាន់ការងារថ្មី ដោយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក គ្រោងនឹងតែងតាំង លោក រ៉ូប៊ឺត វីលលៀម ហ្វ័រដិន (Robert William Forden) ដែលជាអ្នកជំនាញកិច្ចការអាស៊ី ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជំនួស លោក ប៉ាឌ្រីក មូហ្វីដែលជិតផុតអាណត្តិ។
លោក ចាត រ៉ូដេមៀរ (Chad Roedemeier) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានប្រាប់ក្រុមអ្នកព័ត៌មាន ឲ្យដឹងថា ដូចគ្រប់ ឯកអគ្គរដ្ឋទូតអាមេរិកទាំងអស់ដែរ, លោក រ៉ូប៊ឺត វីលលៀម ហ្វ័រដិន (Robert William Forden) ត្រូវរង់ចាំការសម្រេចផ្ដល់សេចក្ដីទុកចិត្តពីព្រឹទ្ធសភាអាមេរិក មុនពេលក្លាយជា ឯកអគ្គរដ្ឋទូតពេញសមត្ថភាពប្រចាំកម្ពុជា។ ចំណែក លោក ប៉ាឌ្រីក មូហ្វី (Patrick Murphy) នឹងនៅបន្តតួនាទីជា ឯកអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ រហូតដល់មានការប្រកាសតែងតាំងថ្មី។

បើតាមរបាយការណ៍ពី សេតវិមាន បានឱ្យដឹងថា លោក រ៉ូប៊ឺត វីលលៀម ហ្វ័រដិន (Robert Willaim Forden) ក្រៅពីភាសាអង់គ្លេស លោកអាចនិយាយភាសាចិន និងវៀតណាម បាន, លោកធ្លាប់ធ្វើការងារជាច្រើនទាក់ទងនឹងទ្វីបអាស៊ី, ក្នុងនោះលោកធ្លាប់ជា អនុប្រធានបេសកកម្ម និងជាភារធារីបណ្តោះអាសន្ន នៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន។
លោកក៏ធ្លាប់ជានាយករងនៃវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់, ធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតអាមេរិក នៅទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល, ធ្លាប់ជាទីប្រឹក្សារងផ្នែកសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង និងនៅទីក្រុងវ៉ាស៊ីនតោន។
លោក រ៉ូប៊ឺត វីលលៀម ហ្វ័រដិន (Robert William Forden) ក៏ធ្លាប់ជាអនុប្រធានការិយាល័យកិច្ចការចិន និងម៉ុងហ្គោលី នៅក្នុងការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេស។ លើសពីនេះ លោកធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាម និងធ្លាប់បម្រើកិច្ចការសំខាន់ៗជាច្រើនទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









