Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់”

spot_img

ភ្នំពេញៈ រដ្ឋសភាកម្ពុជាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។សភាជាសមាជិក (AIPA) ទាំង១០ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ គឺមានចំនួន៧ប្រទេស រួមមាន៖ សភាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេស៣ផ្សេងទៀត គឺ ព្រុយណេដារូស្សាឡាម មីយ៉ាន់ម៉ា និងហ្វីលីភីន បានឱ្យមន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាចូលរួមជាអ្នកសង្កេតការណ៍។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា បានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលជាខ្លាំងលើការការពារ និងត្រួតពិនិត្យទៅលើគ្រឿងញៀននៅក្នុងបណ្តាប្រទេសអាស៊ាន។ ដូច្នេះ នេះជាពេលវេលាសមស្របសម្រាប់ ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុងតំបន់។ ក្នុងន័យនេះ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រមទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្តថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្តន៍។ ដោយមើលឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀនត្រូវបានប្រសិទ្ធិនាមថា“ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍ទៀតថា នៅពេលដែល ជំងឺរាតត្បាតចង្រៃកូវីដ-១៩ នៅបន្ត ការកើតឡើងកត្តាប្រឈមថ្មីៗទៀតគម្រាមកំហែងដល់ សេចក្តីប្រាថ្នានៃការធ្វើឲ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀននៅតែបន្តកើនឡើង និង មានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ឋិពលលើប្រព័ន្ធប្រាសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេសនៅតំបន់ត្រីកោណមាស។ កត្តាប្រឈមទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយ គ្មានគ្រឿងញៀន និងមានឥទ្ធិពលអវិជ្ជមានដល់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លើសពីនេះទៀត សមាជិក សមាជិកាសភាអាយប៉ា នឹងជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទះរួមគ្នា ដូចជាសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការយកជ័យជំនះលើកត្តាប្រឈមទាំងនេះ។ ដំណើរ អាចវែងឆ្ងាយទៅមុខទៀត និងមានកត្តាប្រឈមច្រើនទៀត ប៉ុន្តែការការពារ និងការរួបរួមគ្នាត្រូវតែជាចំណុចស្នូល ឆ្លើយតបទៅនឹងគោលបំណងនេះ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានប្រកាសតែងតាំងឯកឧត្តម ទី សុគន្ឋ ជាប្រធានអង្គប្រជុំ និង លោកជំទាវ Irine Yusiana Roba Putri ជាអនុប្រធានអង្គប្រជុំ និងប្រកាសបើកជាផ្លូវការកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×