Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយ ចំនួន ៩ ទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

spot_img

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ។

ឯកសារដែលអគ្គលេខាធិការដ្ឋាន ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖
១. សេចក្តីសម្រេចស្តីពីការប្រកាសលទ្ធផលផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
២. សេចក្តីសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៣. សេចក្តីសម្រេចស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៤. តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (សំឡេងឆ្នោត និងភាគរយតាមគណបក្ស)។
៥. តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (គណបក្សនយោបាយទទួលបានអាសនៈ)។
៦. តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (គណបក្សនយោបាយទទួលបានសំឡេងឆ្នោត និងអាសនៈគិតជាភាគរយ)។

៧. តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (តារាងស្រ្តីជាមេឃុំ ចៅសង្កាត់ និងយុវជនជាមេឃុំ ចៅសង្កាត់ មានអាយុ ៣៥ ឆ្នាំចុះ)។
៨. តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (តារាងតាមរាជធានី ខេត្តនីមួយៗ)។
៩. របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ រួចមក គ.ជ.ប បានឯកភាពលើខ្លឹមសារ ឯកសារទាំងអស់ខាងលើដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានដាក់ជូន។
យោងតាមតារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២នេះ មានដូចខាងក្រោម ៖

  • ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២%
  • សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក
  • សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧.៣៩០ សន្លឹក
  • បញ្ជីបេក្ខជននៃគណបក្សនយោបាយ ចំនួន ៩ ក្នុងចំណោមគណបក្សនយោបាយ ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមាន៖
    o បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ
    o បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ។

គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×