មណ្ឌលគិរី៖ រថយន្តមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងពីក្រោយ ដែលកំពុងជិះពីប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ប្តីនៅនឹងកន្លែង រីឯប្រពន្ធរបួស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ76A ភ្នំបាយឆៅ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាំង សារុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងប្រពន្ធ ឈ្មោះ កង សំអៀន រងរបួសចំមុខ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ។ បើតាមស្ត្រីរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានធ្វើដំណើរចេញពីក្នុងស្រុកពេជ្រាដា ក្នុងគោលបំណងទៅស្រុកកោះញែក ដោយជិះម៉តូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៌ស ពុំមានពាក់ស្លាកលេខ ពេលជិះជិតមកដល់កន្លែងកើតហេតុ មានថយន្តយីឌុបមកពីក្រោយ ផ្លូវស្របគ្នា ដល់ចំណុចកើតហេតុ បានបុកពួកគាត់ចំពីក្រោយ។
លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមន្ត្រីនគរបាលខេត្ត និងខាងនគរបាលការិយាល័យចរាចរណ៍ ធ្វើយ៉ាងណាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រកឲ្យឃើញរថយន្តបង្ក យកមកចាត់ការតាមនីតិវិធី ។
លោក ចាន់ ទិត នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា មិនទាន់រកឃើញរថយន្តបង្កនៅឡើយទេ ព្រោះខាងជំនាញកំពុងធ្វើកោសល្យវិច័យ៕ ដោយ៖បញ្ញាស័ក្តិ