ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកល សម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព » ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី ន សាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីនេះ ដើម្បីរួមចំណែកពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង ប្រ៊ីក (BRICS) សំដៅនាំមកនូវការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាពសុខដុមរមនា សម្រាប់សកលលោក “។
ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក, ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការ ខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌ របៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ បច្ចុប្បន្ន, តំបន់ និង សកលលោក បាននិងកំពុង បន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និង មិនអាចប៉ាន់ប្រមាណបាន ចំពោះ ការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេក វិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ ។ល។ កត្តាទាំងនេះបាននិង កំពុងបង្កឱ្យមានការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និង បន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និង ផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត និង ការខិតខំស្តារសេដ្ឋកិច្ច សកលលោកជាអាទិភាពចំពោះមុខ, ប្រ៊ីក (BRICS) ដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សក្ដានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន ក្នុងការពង្រីក និង ពង្រឹងចលនាការនៃសកម្មភាព សេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ក្នុងន័យនេះ, កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្ត ភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកាសម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយ ភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និង ថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងបរិបទនេះ, យើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និង គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ពង្រឹងពហុភាគីនិយម ជាពិសេស លើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និង កាត់ បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្រ្ត ដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និង ថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និង សកល ។ ជាមួយគ្នានេះ, ការពង្រឹង និង ពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការ អាទិភាពផងដែរ ។ ក្នុងនោះ, យើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើនកិច្ចសហការក្នុង ការពង្រឹងសមត្ថភាព និង ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភព កំណើនថ្មី ជាពិសេស ជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ បន្ថែមលើនេះ, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏គឺជា ផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទ ការពង្រីកកិច្ចសហប្រតិបត្តិការ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និង ការប្រើប្រាស់បច្ចេកវិទ្យាបៃតង ជាដើម ។
ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២, កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្ម បន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន, ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេច បាននូវរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





