Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមឧក្រិដ្ឋគ្រឿងញៀន បានព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ ចូលមកកម្ពុជា និងបានព្យាយាម ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀន តែត្រូវបានបង្រ្កាប

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋគ្រឿងញៀន មិនត្រឹមតែព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជា ប៉ុណ្ណោះទេ ពួកនេះបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀន។

នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍អំពីប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់មកឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញឡើងអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនាទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិតជាមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដើម្បីរួមគ្នាប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នាពេលនេះ។

សម្ដេចក្រឡាហោម បានបន្ដថា ការប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធាន បទផ្សេងៗ ក្នុងគោលបំណងបន្តដាស់តឿន ក្រើនរំ ឮកដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ ថែមទៀតពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាក្នុងគោល បំណងបន្តអំពាវនាវ និងបំផុសឱ្យមានការចូលរួម និងគាំទ្រកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល។

សម្ដេចបានថ្លែងនូវការអរគុណ និងកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័ន-អង្គាភាពជាសមា- ជិក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមទួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ផងដែរចំពោះក្រសួង-ស្ថាប័ន-អង្គភាពពាក់ព័ន្ធ អង្គការ-សមាគមជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្ត ពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ទាំងក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៦ ដំណាក់កាល របស់រាជរដ្ឋាភិបាល ដំណើរទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យគួរជាទី មោទនៈ។

សម្ដេចបានមានប្រសាសន៍ថា ការបំភ្លេច ឬការមិនយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏អាចធ្វើឱ្យមានការធ្លាក់ចុះនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ ដែលធ្វើឱ្យបងប្អូនប្រជា ពលរដ្ឋមួយចំនួន ពិសេសក្នុងចំណោមក្រុមគោលដៅជាយុវជនប្រឈមខ្ពស់ងាយធ្លាក់ទៅក្នុង អន្ទាក់នៃបញ្ហាគ្រឿងញៀន ប៉ុន្តែយើងមិនត្រឹមតែមិនបំភ្លេច ឬទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយឡែកប៉ុណ្ណោះទេ ផ្ទុយទៅវិញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំ ពិសេសក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំង១០០% របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឱ្យសមត្ថកិច្ចមានលទ្ធភាព យ៉ាងច្រើនក្នុងការបន្តសកម្មភាពរបស់ខ្លួន ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់មុខសញ្ញារហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំង កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់។

សម្ដេច បន្តថា ជាក់ស្តែង ក្នុងដំណាក់កាលនៃការឆ្លង រាលដាលជំងឺកូវីដ-១៩ ខ្លាំងគឺឆ្នាំ២០២០ និងឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តច្បាប់របស់យើង ស្រាវជ្រាវរកឃើញ និង បង្រ្កាប បាន១០.៤៦១ ករណី ក្នុងឆ្នាំ២០២០ និង ៦.៣០៨ ករណី ក្នុងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២១.៥៦៦ នាក់ ក្នុងឆ្នាំ២០២០ និងចំនួន ១៣.៩៧៩ នាក់ ក្នុងឆ្នាំ២០២១ ព្រមទាំងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៣តោន ៨៧៥គក្រ ៨៩៨ក្រ ក្នុងឆ្នាំ២០២០ និងចំនួន ៤តោន ៦៨៩គក្រ ៦១១,៤៧ក្រ ក្នុងឆ្នាំ២០២១។ សម្ដេចបន្ថែមថា បរិមាណគ្រឿងញៀនដែល រឹបអូស បានក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើង គួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបរិមាណ គ្រឿងញៀន ដែលរឹបអូសបានមុនដំណាក់កាល កូវីដ-១៩។

បើទោះបីជាយើងសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈយ៉ាងនេះ ក៏ដោយ ក៏ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងនៅលើសកលលោក នៅតែគ្មានការថយចុះ ហើយថែមទាំងមានការកើនឡើង គួរឱ្យព្រួយបារម្ភ ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។ ចំពោះកម្ពុជា យើងក៏នៅតែបន្តទទួលរង ឥទ្ធិពល និងផលវិបាកនៃវិបត្តិទាំងនេះផងដែរ ដោយកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋគ្រឿងញៀនមិនត្រឹមតែព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជា ប៉ុណ្ណោះទេ ពួកនេះបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀន។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្នុងនាម ប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល សម្ដេចបាន ទាញការចាប់អារម្មណ៍លើចំណុចមួយចំនួននៃសារណែនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យអង្គពិធីទាំងមូលយល់កាន់តែច្បាស់ ហើយចូលរួមអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារនៃប្រធានបទដែលបានលើកឡើង សម្រាប់ឆ្នាំនេះ គឺ ដោះស្រាយបញ្ហាគ្រឿង ញៀនក្នុងវិបត្តិនៃបញ្ហាសុខភាព និង មនុស្សធម៌ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×