Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្មការងារថ្នាក់រដ្ឋាភិបាលរបស់លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន នៅវៀតណាម ប្រកបដោយជោគជ័យ

វៀតណាម ៖ ក្នុងបេសកកម្មការងារថ្នាក់រដ្ឋាភិបាល រយៈពេលពីរថ្ងៃទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី តំណាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលៗវៀតណាម ថា ក្នុងរយៈពេល៥៥ឆ្នាំ នៃការទំនាក់ទំនងការទូតនិងចំណងមិត្តភាព ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម តែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និងស្មោះត្រង់, ហើយតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបទុក្ខលំបាក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីមិទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (ថ្ងៃទី២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយក្នុងពិធីមិទ្ទីងដ៏ឱឡារិកនេះ មានការសម្តែងសិល្បរួមគ្នាមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានជួបសម្ដែងការគួរសម និងសន្ទនាជាមួយ លោក ង្វៀន ភូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, លោក ផាម មិញជិញ (Pham Minhg Chinh) នាយករដ្ឋមន្ត្រីវៀតណាម, លោក ឡេ មិញខាយ ( Le Minh Khai) ឧបនាយករដ្ឋមន្ត្រីវៀតណាម, លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ក្នុងពេលជួបជាមួយថ្នាក់ដឹកនាំវៀតណាមខាងលើ លោកស្រី ម៉ែន សំអន បានសម្ដែងការអបអរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់របស់វៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម, ចំណែកថ្នាក់ដឹកនាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពី និងកោតសរសើរកម្ពុជាដែលសម្រេចបានជោគជ័យទាំងការគ្រប់គ្រងកូវីដ-១៩ បានល្អ, ការទទួលបានសំឡេងងគាំទ្រនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដ៏ជោគជ័យ, ការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លានៃប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលឹកពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ដែលបានថ្លែងកាលពីថ្ងៃទី២០ មិថុនា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាពិសេសផ្តោតលើទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគមនិយម និងបង្រួបបង្រួមជាតិ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រទេសកម្ពុជា-វៀតណាម បានឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ អ្វីដែលសំខាន់ទៅទៀតនោះ ប្រជាជនយើងទាំងពីរ បានធ្វើដំណើរទៅមក ផ្លាស់ប្ដូរទំនិញ និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសនៅតាមតំបន់ជាប់ព្រំដែនកាន់តែមានភាពមមាញឹក និងស្និទ្ធស្នាល ដោយសារយើងបាន លើកលែងទិដ្ឋាការ និងការតភ្ជាប់ផ្លូវគមនាគមន៍តាមគ្រប់រូបភាព រួមមានផ្លូវ ស្ពាន ផ្លូវទឹក និងផ្លូវអាកាស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×