Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ÷ លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានបញ្ជាក់ថា នៅមានគ្រឿងញៀនជាច្រើនទៀតមិនទាន់ចាត់ការចប់ នឹងត្រូវដុតបំផ្លាញ

ភ្នំពេញ ៖ គ្រឿងញៀនជាង៦តោន ត្រូវបានដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ដែលពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលចូលរួមក្នុងពិធីដុតបំផ្លាញគ្រឿងញៀននេះ បានថ្លែងឲ្យដឹងថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្ដឹងឧទ្ធរណ៍ជាច្រើនទៀត ដែលនាពេលខាងមុខគណៈកម្មការនឹងរៀបចំដុតបំផ្លាញ ជាបន្តបន្ទាប់តាមដំណាក់កាល នៅពេលទទួលបានសេចក្ដីសម្រេចរបស់តុលាការ។

បើតាមរបាយការណ៍របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា វត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗទៀត មានក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥៥ សំណុំរឿង មានទម្ងន់សរុប ៩០តោន ៨០គីឡូក្រាម ៦៦៤.៣០ ក្រាម។ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មាការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននៅចំពោះមុខ ដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីទម្ងន់ ៦តោន ២៥៩ គីឡូក្រាម និង៥៣០.៣២ក្រាមប៉ុណ្ណោះ។

រីឯសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ ៨៣តោន ៨២១គីឡូក្រាម និង១៣៣.៩៨ ក្រាម ជាសារធាតុរំលាយ ជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្ត្រដុតបាន នោះទេ គឺ គណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសផ្សេង នាពេលក្រោយទៀត។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជន បានយកគ្រឿងញៀនធ្វើជាមុខរបរជំនួញរបស់ពួកគេ ហើយហៅត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានទាំងមនុស្ស និងគ្រឿងញៀន យកមកកសាងសំណុំរឿងចាត់ការពួកគេតាមច្បាប់។ គ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើនជាយុវវ័យឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គមជាតិ។

ពេលនេះសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងតុលាការ និងអាជ្ញាធរមូលដ្ឋាន កំពុងតែអនុវត្តយ៉ាងតឹងរ៉ឹង មិនយោគយល់ ស្រាវជ្រាវចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទាំងអម្បាលម៉ានយកមកផ្ដន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×