ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN នៅមុខនេះបន្តិចថា គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២។
លោកញឹក ប៊ុនឆៃ បានបន្តថា គណបក្សខ្មែររួបរួមជាតិបានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា និងដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ក្នុងពេលបោះឆ្នោត មានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គ និងគ្មានអំពើហិង្សា ព្រមទាំងការរាប់ សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោតអាចទទួលយកបាន។

បើយោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងចំណោមគណបក្សនយោបាយ ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន ៩ ដែលទទួលបានសម្លេងគាំទ្រ និងទទួលបានអាសនៈ ។
គ.ជ.ប បានប្រកាសថា គណបក្សនយោបាយចំនួន ៩ ដែលទទួលបានអាសនៈមានដូចជាៈ
១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបានអាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១ ។
២. គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបានអាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ៤ឃុំ , ជំទប់ទី១ ចំនួន ២៥ និងជំទប់ទី២ ចំនួន ១៣៦០។
៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។
៤. គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៧. គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ , ជំទប់ទី២ ចំនួន ៣។
៨. គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន ២,៤៦០ សំឡេង ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕ រក្សាសិទ្ធិដោយៈ ចេស្តារ



