ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ញើសារពិសេសជាបន្ទាន់នៅយប់ថ្ងៃទី ២៨ ខែមិថុនា ដោយប្រកាសថា កូវីដ ១៩ បានត្រឡប់មកវិញហើយ ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត បន្ទាប់ពីអាក់ខាននូវការឆ្លង និងការស្លាប់ដោយជំងឺនេះរយៈពេល៥១ថ្ងៃកន្លងមក។
លទ្ធផលការធ្វើតេស្ត ត្រូវបានរកឃើញវិជ្ជមាន លើអ្នកសុំវិញ្ញាបនបត្រកូវីដ ១៩ ទៅក្រៅប្រទេស ទាំងអ្នកមកពីក្រៅប្រទេស និងតេស្តរហ័សក្នុងសហគម។
សម្តេចតេជោ ព្រមានជាមុនថា ប្រសិនបើមិនមានវិធានការជាមុនទេ នោះកម្ពុជា នឹងឈានដល់ ស្ថានការណ៍ ដ៏អាក្រក់មិនខាន។

សម្តេចតេជោ សូមអង្វករដ៏ទទូចដល់ពលរដ្ឋ ទៅទទួលយកវ៉ាក់សាំង ជាបន្ទាន់ អោយបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់ដល់សុខភាព ក្រុម គ្រួសារគ្រប់គ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានការសុខាភិបាល និងប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ ក្នុងករណីដែលពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់។
តាមរយៈសារសំឡេងពិសេសដែលបណ្តាញព័ត៌មាន ទទួលបាន សម្តេចតេជោ បានអះអាងថា វត្តមានមេរោគកូវីដ១៩ នៅកម្ពុជាជាថ្មីនេះ គឺក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងក្នុងសហគម ន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន ព្រមទាំងរកឃើញអ្នកដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេស និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។
សម្តេចបញ្ជាក់ថា ដូច្នេះ អាចសន្មតបានថា ជំងឺកូវីដ១៩ វាចាប់ផ្តើមឡើងវិញ ទោះបីជាក្នុងចំនួនតិច ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ ដូច្នេះខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ទៅលើការការពារសុខភាពផ្ទាល់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការម៉ត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ ក្រុមគ្រួសារ ក៏ដូចជាស្ថាប័ននានាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធតាមដានចំពោះករណីនេះ ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាសារបន្ទាន់ បន្ទាប់ពីបានរកឃើញនូវករណីវិជ្ជមាននៅតាមទីកន្លែងមួយចំនួន។
សម្តេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវប្រញាប់ប្រញាលទៅទទួលវ៉ាក់សាំងដែលរៀបចំដោយក្រសួងសុខាភិបាល។ បើមិនមានការប្រញាប់ប្រញាល់ទេនោះ ប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងស្ថានភាពដ៏អាក្រក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









