ភ្នំពេញ ៖អាវុធមហាប្រល័យដែលមនុស្សរាល់គ្នាតែងបានដឹងថា នុយក្លេអ៊ែរ ឬបរមាណូ វាមិនត្រឹមតែបំផ្លាញបរិស្ថាន ធម្មជាតិទាំងពួង និងជីវិតមនុស្សប៉ុណ្ណោះនោះទេ ថែមទាំងរាល់អ្វីៗមានជីវិតនៅលើផែនដីនេះ គឺ នឹងត្រូវបំផ្លាញ ឬបញ្ចប់ទៅផងដែរ ដូច្នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការ រីកសាយភាយអាវុធមហាប្រល័យ និង នីតិវិធីស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេច ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ។
សិក្ខាសាលាស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យរបស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ស្ថាប័នអន្តរជាតិ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្សព្វផ្សាយច្បាប់ និងនីតិវិធីអនុវត្តលើបញ្ហាហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហា ប្រ ល័យ ទៅដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ដដែលពុំធ្លាប់ចូលរួមក្នុងសិក្ខាសាលាបែបនេះ និងពុំទាន់យល់ច្បាស់អំពីប្រធានបទខាងលើ។
សិក្ខាសាលានេះ មានគោលដៅជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំង ដល់ការរីកសាយភាយ អាវុធមហាប្រល័យ និងហិរញ្ញប្បទានភេរវកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











