ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបន្ទាន់តាមរយៈសារសំឡេងពិសេសបន្ទាន់មួយ ស្ដីពី ការរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ គឺរកឃើញក្នុង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីអាក់ខាននូវការឆ្លង និងស្លាប់ដោយសារជំងឺនេះរយៈពេល៥១ថ្ងៃមកហើយ។
សារសំឡេងបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន អះអាងថា វត្តមានមេរោគកូវីដ-១៩ ដែលរកឃើញនៅកម្ពុជាជាថ្មីនេះ គឺក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងក្នុងសហគមន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន ព្រមទាំងរកឃើញអ្នកដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេស និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ។

ដូច្នេះ អាចសន្មត់បានថា ជំងឺកូវីដ-១៩ វាចាប់ផ្តើមកម្រើកឡើងវិញ ហើយ បើទោះជាក្នុងចំនួនតិចក្ដី ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ អ៊ីចឹងទេ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើការការពារសុខភាពផ្ទាល់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ ក្រុមគ្រួសារ ក៏ដូចជាស្ថាប័ននានា។
សម្តេចតេជោ ហ៊ុន សែន ចាត់បញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ តាមដានចំពោះករណីនេះ ដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរសម្ដេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានការសុខាភិបាល និងប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ ក្នុងករណីដែលពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







