ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ អំពីកិច្ចប្រជុំស្តីពី «ការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ បានរៀបចំកិច្ចប្រជុំស្ដីពី “ការជំរុញនីតិវិធីនៃ សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការងារប្រឆាំងការសម្អាតប្រាក់ (អ.អ.ជ. និង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាឧទ្ធរណ៍តំបន់, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់, ប្រធានសាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការអនុវត្តស្របតាមស្មារតីនៃលិខិត លេខ ០៧៦៨ កយ.រប/២២ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ ស្ដីពី “ការជំរុញការពន្លឿន ការអនុវត្តនីតិវិធីនៅក្នុងសំណុំរឿងសម្អាតប្រាក់នៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់” ដែលមានខ្លឹមសារស្នើដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ដែលមានសំណុំរឿងសម្អាតប្រាក់ ស្ថិតក្រោមចំណាត់ការរបស់ខ្លួន ពិសេស ចំពោះសំណុំរឿងនៃបទល្មើសក្នុងវិស័យដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹង ការសម្អាតប្រាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់ និងត្រូវផ្ដល់ អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ស្របតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងនីតិវិធីប្រតិបត្តិស្តង់ដាប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបន្តចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ លើការងារប្រឆាំងការសម្អាតប្រាក់ដែលជាកិច្ចការចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិនេះ គឺជាការបន្តចូលរួមចំណែកក្នុងកិច្ចខិតខំបន្តប្រឹងប្រែងសំដៅជួយ ឱ្យកម្ពុជាអាចត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF) និងជួយពង្រឹងតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ព្រមទាំងរួមចំណែកដល់ការប្រឆាំង ហិរញ្ញប្បទានដល់អំពើភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលជាបញ្ហា សន្តិសុខរួមរបស់ពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម