ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល ជាសក្ខីភាពពង្រីកមច្ឆជាតិ ទំនុកបំរុងប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងអញ្ជើញលែងកូនត្រី និងត្រីមេពូជ សរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈមនុស្សប្រមាណជាង ៣០០០នាក់ ដែលមកទទួលស្វាគមន៍សម្ដេច ត្រូវបានធ្វើតេស្ដត្រួតពិនិត្យកូវីដ-១៩រួចរាល់។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដែលការលែងកូនត្រី និងត្រីមេពូជ នាថ្ងៃនេះ ក្នុងអត្ថន័យអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា និងដើម្បីធ្វើឱ្យអាងទឹកត្រពាំងថ្ម ដែលជាអាងកើតចេញញើសឈាម និងទឹកភ្នែក របស់ប្រជាពលរដ្ឋស្លូតត្រង់ ក្រោមការបង្គាប់បង្ខំឲ្យធ្វើការហួសកម្លាំង កាប់គាស់ជីកកាយរបស់ក្រុម ប៉ុល ពត ក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ ធ្វើយ៉ាងណាឱ្យសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត ឬអាចចរាចរចូលដល់ដែននេសាទដទៃទៀត បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលនឹងត្រូវលែងនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏គ្រោងលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។

អាងត្រពាំងថ្ម កន្លែងដែលសម្តេចតេជោ អញ្ជើញលែងកូនត្រី និងត្រីមេពូជនេះ ជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ និងជារមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ត្រកាល ដែលស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងទឹកដ៏ធំនេះ ត្រូវព័ទ្ធដោយទំនប់លាតសន្ធឹងពីកើតទៅលិចមានប្រវែង ១០គីឡូម៉ែត្រ និងពីជើងទៅត្បូងមានប្រវែង ៧គីឡូម៉ែត្រ។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលស្រែចម្ការច្បារដំណាំ។

នេះជាវត្តមានលើកទី២ហើយរបស់សម្ដេចតេជោ ហ៊ុន សែន ខណៈលើកទី១ សម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងត្រពាំងថ្មនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦, ឥឡូវនេះ អាងត្រពាំងថ្មបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ ល្អប្រពៃ សម្រាប់ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ឲ្យមកទស្សនា កម្សាន្ត លំហែអារម្មណ៍ និងស្វែងយល់អំពីប្រវត្តិកាលរបស់អាងត្រពាំងថ្មនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម