Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅថ្ងៃទី០៤ ខែកក្កដា នៅទីក្រុងបាហ្កាន

spot_img

ភ្នំពេញៈ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ ឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈនៃការគំរាមកំហែង ពិភពលោកដែលមិនធ្លាប់មានពីមុនមក។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្តីការបរទេស MLC ដទៃទៀត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធអាគារអង្គភាពសម្របសម្រួលជាតិនៃ MLC របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាហ្កាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថានឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេស MLC ផ្សេងទៀត សំដៅ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ MLC សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×