ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរណាស់នាំកុមារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រសើរជាងវ៉ាក់សាំងក្នុងឃ្លាំងខូចចោល ខណ:ជាង១៤ម៉ឺនដូសទៀតបានមកដល់

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារ ១៤៤,០០០ដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ផ្ដល់ឱ្យកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ តាមជើងអាកាស កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាម លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ កម្ពុជារកបានវ៉ាក់សាំងនេះសរុបជិត ៥៣លានដូស ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស, ប៉ុន្តែបើគិតទាំងវ៉ាក់សាំងគ្រោងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀតនោះ សរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញរបស់កម្ពុជា។

ទាក់ទងទៅនឹងវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។ មានន័យថា បើទោះបីកម្ពុជាទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់មិនឱ្យមានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងកុមារ មនុស្សពេញវ័យ និងរហូតដល់មនុស្សចាស់, ដូច្នេះ សូមជនរួមជាតិទាំងឡាយ មាតាបិតា អ្នកអាណាព្យាបាលកុមារទាំងអម្បាលមាណ គួរណាស់តែនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីទទួលបានរបាំងការពារជំងឺកាចសាហាវនេះផង និងចៀសវាងរក្សាទុកវ៉ាក់សាំងក្នុងឃ្លាំងយូរទៅធ្វើឱ្យខូចខាតឥតប្រយោជន៍ផង។

សូមបញ្ជាក់ថា ការងារចាក់វ៉ាក់សាំងជូនប្រជាជន គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាចាក់បានជាង ៩៤ភាគរយ នៃចំនួនប្រជាជនសរុប។ ក្នុងនោះចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ឡើងដល់៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ, និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម