ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត ” មូលនិធិសម្តេចតេជោ បោសសម្អាតមីន បង្កើតស្នាមញញឹម ” ជាផ្លូវការ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីសម្តេចអំពាវនាវកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីលែងកូនត្រី និងត្រីពូជកម្រ ទៅក្នុងអាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ដោយត្រឹមតែប៉ុន្មានថ្ងៃសោះ ប្រមូលថវិកាបានជាង ៥លានដុល្លារហើយ។
គម្រោងមូលនិធិសម្ដេចតេជោបោសសម្អាតមីន បង្កើតស្នាមញញឹមនេះ មានអត្ថន័យថាខ្មែរជួយខ្មែរ និងខ្មែរជួយខ្លួនឯងបាន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ។

គួររំលឹកថា នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីលែងកូនត្រី នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ បានអំពាវនាវឱ្យសប្បុរសជនចូលរួមលុបបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅ ឆ្នាំ២០២៥, ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រោះថាកាកសំណល់សង្គ្រាមទាំងនោះ ជាឃាតករលាក់មុខកំពុងពួនសំងំក្រោមដី លើទឹកដីកម្ពុជា។
ឆ្លើយតបតាមការអំពាវនាវនេះ មកដល់ពេលនេះ មានសប្បុរសជនជាអ្នកវិនិយោគ អ្នកជំនួញ មន្ត្រីរាជការ បានចូលរួមផ្ដល់ថវិកាប្រមាណជាង ៥លានដុល្លារ រួចមកហើយ, ថវិកាមូលនិធិទាំងនេះ សម្ដេចតេជោសង្កត់ធ្ងន់ថា យើងសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត ដើម្បីធ្វើឱ្យទឹកដីដ៏កម្សត់មួយនេះ រួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន។

ដើម្បីសម្រួលដល់ការចូលរួម សូមធ្វើទំនាក់ទំនងទៅ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តាមរយ: លេខទូរស័ព្ទ ០១២ ៩៦១ ៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានប្រចាំការអាជ្ញាធរមីន បានសម្តែងនូវការដឹងគុណ និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង, ហើយពេលនេះ លោកបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិតសម្រាប់កំណត់គោលដៅបោសសម្អាតមីនជាអាទិភាព៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN














