ភ្នំពេញៈ ជនជាតិចិន ដែលគេបានដាក់ការសង្ស័យថាមានជាប់ជាតិស្រវឹងនោះ បើករថយន្តស៊េរីទំនើបរ៉េងរ៉ូវ័រ ក្នុងល្បឿនយ៉ាងលឿនបុករបាំងក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតរថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង និងធ្វើឲ្យរងរបួសបុរសជនជាតិចិន២នាក់ នារីជនជាតិចិន២នាក់ទៀតរបួសធ្ងន់។ក្នុងហេតុការណ៍នោះ ក្នុងរថយន្តគេបានឃើញមានអាវឯកសណ្ឋានជាទាហាន និងមានពាក់ស័ក្តិ៥ ដែលពាក់ពីលើកៅអ៊ីអ្នកបើករថយន្តផងដែរ។ អ្នកឃើញហេតុការណ៍ បានដាក់ជាចម្ងល់ថា ចុះហេតុអ្វីក្រុមជនជាតិចិនទាំងនោះ មកស្រុកខ្មែរពីពេលណា? ហើយមកធ្វើទាហានតាំងពេលណា? បានជាមានអាវទាហាន និងមានស័ក្តិពាក់ថែមទៀតផង។
គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបអូរឫស្សី តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2000 បើកបរទាំងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកផ្ទប់នឹងរបាំងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង តែមិនបាក់របាំងថ្មទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង បណ្ដាលឲ្យរងរបួសមនុស្សប្រុសម្នាក់ស្រាល និងស្រី២នាក់ធ្ងន់ ចំណែកឯអ្នកបើកបររថយន្តមិនរងរបួសទេ ។ ហើយក៏មានរថយន្តសង្គ្រោះមកដឹកស្រីជនជាតិចិន២នាក់ទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។
ក្រោយពេលរថយន្តសង្គ្រោះដឹកអ្នករបួសទៅ នៅកន្លែងកើតហេតុ នៅសល់តែបុរសជនជាតិចិនម្នាក់ ដែលរបួសស្រាល ស្ថិតក្នុងស្ថានភាពស្រវឹង បានឡើងទៅអង្គុយលើម៉ូតូរបស់អ្នកយកព័ត៌មានម្នាក់ ស្រាប់តែដាច់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយរលំម៉ូតូរួចតោងម៉ូតូមួយគ្រឿងទៀតដួលទាំង២គ្រឿង បណ្ដាលឲ្យបែកភ្លើងស្តុបស៊ីញ៉ូឆ្វេងផ្នែកខាងក្រោយ តែជនជាតិចិនរូបនោះ បានចេញថ្លៃសងរួចហើយដែរ តែបែរជាស្រែកមិនឲ្យក្រុមអ្នកយកព័ត៌មានថតរូបគាត់ឡើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណា ក្នុងហេតុការណ៍នោះ មានទាំងសមត្ថកិច្ចចម្រុះចេញមកធ្វើកិច្ចការងារនេះ ប៉ុន្តែគ្មានសមត្ថកិច្ចណាមួយបញ្ចេញឈ្មោះ និងអត្តសញ្ញាណជនជាតិចិនទាំងនោះឡើយ។
សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំម្ចាស់រថយន្តដោះស្រាយការខូចខាតសម្បត្តិរបស់រដ្ឋ៕ដោយ៖បញ្ញាស័ក្តិ