ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចង់បានសេចក្ដីថ្លៃថ្នូរ និងកិត្តិយស សម្រាប់ការចេញទៅប្រកួតរបស់ក្រុមកីឡាករប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលនេះកំពុងអញ្ជើញជួបសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ពិធីជួបសំណេះសំណាល និងការផ្ដល់ដំបូន្មាននេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ, ដោយឡែកការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នេះ តាមពិតទៅ ត្រូវធ្វើនៅប្រទេសវៀតណាមទេ តែវៀតណាមសុំលើកពេលដោយសារហេតុផលវិបត្តិជំងឺកូវីដ-១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។

ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមនេះ គឺជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តងនៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន, ការប្រកួតបានធ្វើឡើងចំនួន១០លើក រួចមកហើយ, ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពិន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ-១៩ផងដែរ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់, ក្នុងនោះមាន ក្រុមអត្តពលិក ប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ ៣៩នាក់ មន្ត្រីបច្ចេកទេស ៧នាក់ និងប្រតិភូជាតិ ៥នាក់។

អត្តពលិកកម្ពុជា នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន ១១វិញ្ញាសា រួមមាន វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស-នារី បាល់បោះជនពិការភ្នែក បាល់ទាត់៧នាក់ម្ខាង បាល់បោះជិះរទេះបុរស-នារី បូស្យា វាយសី និងអុក, ពួកគេនឹងចេញដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

ការជួបសំណេះសំណាល និងផ្ដល់ដំបូន្មានដល់ក្រុមកីឡាករ-កីឡាការិនីប៉ារ៉ាហ្គេមនេះទៀតសោត គឺឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ហើយតែងតែផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាមុននឹងចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍នៅតាមបណ្ដាប្រទេសនានានៅលើឆាកអន្តរជាតិ។ តាមរយៈការជួបសំណេះសំណាលនេះ ប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់នូវការណែនាំ និងដំបូន្មានផ្សេងៗ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រតិភូកីឡាកម្ពុជា និងកិត្តិយសសម្រាប់ប្រទេសជាតិទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម