Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ចូលទៅបង់ពន្ធ មិនបាច់កែចង្កូត តែបើនាំចូលថ្មី ចាប់តែម្ដង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាក្រុមអ្នកប្រកបរបបរថយន្តដឹកជញ្ជូនលក្ខណៈគ្រួសារ ដែលស្នើសុំរថយន្ដចង្កូតស្ដាំចូលបង់ពន្ធ ប៉ុន្តែមិនចាំបាច់កែចង្កូត, ពោលគឺ ពេលនេះ សម្ដេចតេជោ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា អាចចូលបង់ពន្ធបានដោយមិនចាំបាច់កែចង្កូតពីស្តាំទៅឆ្វេងនោះទេ។

ការយល់ព្រមរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅលើបញ្ហារថយន្ដចង្កូតស្ដាំនេះ ធ្វើឡើងក្នុងពិធី ជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ គឺសម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ, តែបើរថយន្តនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។ ដូច្នេះ សូមអំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំ ចូលមកប្រទេសកម្ពុជាបន្តទៀត គឺចាប់តែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សម្រាយករណីនេះថា ខ្ញុំយល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន, បងប្អូនត្រូវចូលទៅបង់ពន្ធ បងប្អូនមិនចាំបាច់ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានដូរ, ចំណែកឯអ្នកដែលបានដូរចង្កូតហើយ គឺឱ្យវាចប់ទៅ ព្រោះបានឡានចង្កូតឆ្វេងប្រើប្រាស់នឹងគេ គឺត្រឹមត្រូវតាមច្បាប់ហើយ។ ប៉ុន្តែ សម្រាប់អ្នកដែលមិនទាន់បានដូរ ត្រូវចូលទៅបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញផ្លាកលេខឲ្យគេ។

កន្លងទៅរថយន្តចង្កូតស្តាំមួយចំនួន បានចូលមកធ្វើការកក់ប្រាក់ រួចហើយទៅកែចង្កូត ឥឡូវអ្នកដែលបានកក់ប្រាក់ហើយ ហើយត្រូវទៅដូរចង្កូត តែមិនទាន់បានដូរនោះ គឺមិនចាំបាច់ដូរទេ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឲ្យដាច់ ឱ្យគ្រប់ឲ្យគេ, រួចទទួលលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ , ចំណុចនេះស្របតាមការទាមទារ របស់បងប្អូនហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យកាន់តែច្បាស់ទៀតថា ខ្ញុំសូមបញ្ជាក់ សុពលភាពនៃការអនុញ្ញាតនេះ គឺនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២, ចាប់ពីថ្ងៃស្អែកទៅ រថយន្តដែលនាំចូលមកថ្មី ជាចង្កូតស្តាំ មិនឲ្យបង់ពន្ធឡើយ ហើយក៏មិនឲ្យដូរចង្កូតដែរ គឺចាប់យកតែម្តង មិនចាំបាច់និយាយអីទៀតទេ។ ខ្ញុំអនុញ្ញាតនេះ សម្រាប់តែរថយន្តចង្កូតស្តាំដែលកំពុងធ្វើចរាចរណ៍ នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនាំចូលថ្មីទេ។

គួរបញ្ជាក់ថា មុននេះ១ថ្ងៃ គឺមានក្រុមអ្នកបើកបរ ប្រកបរបរជារថយន្តដឹកជញ្ជូនប្រមាណ ៣០០នាក់ មានរថយន្តប្រហែល ១៧៥គ្រឿង បានធ្វើការតវ៉ាបិទផ្លូវ នៅរង្វង់មូលកួរស្រូវ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ដោយពួកគេសំណូមពរ ០១ ចំណុច គឺ សុំយករថយន្តចង្កូតស្ដាំទៅបង់ពន្ធ តែមិនបាច់កែចង្កូច, សំណូមពរនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×