ភ្នំពេញ ៖ ក្នុងឱកាសថ្លែងព័ត៌មាន ជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២ របស់ខ្លួន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានឲ្យដឹងថា កង់នៃដំណើរការចរចាសន្តិភាពនៅមីយ៉ាន់ម៉ា ចាប់ផ្ដើមវិលទៅមុខហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងពីដំណើរបេសកកម្មរបស់លោកលើកទី២ នៅមីយ៉ាន់ម៉ា ឱ្យដឹងទៀតថា ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) គឺរូបលោកបានលើកឡើងពីបញ្ហាប្រឈម និងការរកដំណោះស្រាយវិបត្តិប្រទេសមួយនេះ ដែលគ្រានោះ លោក យ៉ា ព្យេ បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលដឹកនាំដោយ លោក មីន អោងឡាំង នៃប្រទេសមីយ៉ាន់ម៉ា បានយល់ព្រមឲ្យបុគ្គល ឬក្រុមដែលត្រូវបានចាត់ទុកថា ជាភេរវករនោះ ចូលចរចាបាន។
នេះគឺជាវឌ្ឍនភាពដ៏ធំធេង សម្រាប់ដំណើរការចរចាសន្តិភាពរបស់លោក នៅមីយ៉ាន់ម៉ា, ប៉ុន្តែត្រង់ថា ការដោះស្រាយបែបណានោះ គឺស្ថិតលើប្រទេសនេះជាអ្នកកំណត់ដោយខ្លួនឯង។ ទោះជាមានការអនុញ្ញាតឲ្យចូលចរចាក្តី អ្នកដែលចង់ចូលចរចាទាំងនោះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ដោយបំពេញលក្ខខណ្ឌ ៣យ៉ាង ៖ ទី១ មិនមានបំណងបំផ្លាញរដ្ឋាភិបាល, ទី២ មិនមានបំណងមកជំនួសរដ្ឋាភិបាល និងទី៣ យករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មកធ្វើជាមូលដ្ឋានក្នុងការចរចាសន្តិភាព។
ឯកឧត្តម ប្រាក់ សុខុន បានលើកជាសំណួរផ្លាស់ប្ដូរទស្សនៈ ទៅកាន់ ឧត្តមសេនីយ៍ឯក យ៉ា ព្យេ ថា ប្រសិនបើក្រុមភាគីចលនាតស៊ូម្ខាងទៀត លះបង់ការប្រឆាំងដាច់ខាត គោរពលក្ខខណ្ឌ ៣ចំណុច ហើយចូលរួមចរចាសន្តិភាព, ពេលនោះ ប្រសិនបើក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា នៅតែចាត់ទុកថា បុគ្គលនេះ ឬក្រុមនោះ ជាក្រុមភារវករយ៉ាងប្ដូរផ្ដាច់នោះ គឺប្រាកដណាស់ថា នឹងមិនមានការចូលរួមនៅក្នុងកិច្ចចរចាសន្តិភាព ជាមួយនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋនោះទេ។

បើក្រុមទាំងឡាយណាដែលជាភាគីខាង ទីក្រុងណៃពិដោរ នៅតែចាត់ទុកថា ក្រុមភាគីម្ខាងទៀតជាភេរវករដោយប្រកាន់ជំហរមិនប្រែប្រួលនោះ នឹងធ្វើឲ្យមានការប្រយុទ្ធគ្នាតទៅទៀត មិនចេះចប់ ព្រោះថា ពួកគេអត់មានជម្រើសអ្វីផ្សេង ក្រៅពីកាន់កាំភ្លើងដើម្បីបន្តការប្រយុទ្ធទៀតនោះទេ។
ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា លោកបានអំពាវនាវឱ្យមានការសន្ទនាប្រកបដោយបរិយាបន្ន និងលើកឡើងថា ការចាត់ទុកគ្នាទៅវិញទៅមកជាក្រុម ឬអង្គការភេរវកម្ម គឺពិជាមិនអាចបង្កើតឲ្យមានកិច្ចសន្ទនាប្រកបដោយដោយសន្តិវិធី និងបរិយាបន្នបាននោះទេ។ លោកបានជំរុញឲ្យមានការបើកចំហទ្វារក្នុងការចូលរួម ចរចាសន្តិភាព ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទោះបីពួកគេមានការកំណត់ថ្នាក់ ឬប្រភេទបែបណាក៏ដោយ។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទី២ ដោះស្រាយវិបត្តិនយោបាយតានតឹងនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



