Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រម្លឹកពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយឆ្នាំ១៩៧៩

spot_img

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយដៃម្ខាងប្រឹងទប់ស្កាត់សង្គ្រាម ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹងស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុងពេលសង្គ្រាមបង្ហូរឈាម។
ការរីកចម្រើនលូតលាស់នៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។
ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់ផលក្នុងមជ្ឈដ្ឋានពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្រផងដែរ ជាពិសេសផលនៃការអប់រំប្រៀនប្រដៅផ្នែកសីលធម៌ គុណធម៌ និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ពុទ្ធសាសនាបានចូលរួមជាចំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំបង្រៀនប្រៀនប្រដៅដល់ប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្សចាប់តាំងក្មេងតូចៗឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុងការរស់នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ ដូចសុភាសិតពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត បានអះអាងថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផលប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋប្រកបដោយសមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះអត់អោនយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាននៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×