Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ ការការពារថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាការទទួលខុសត្រូវជាចម្បងបំផុត

spot_img

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការការពារថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាការទទួលខុសត្រូវជាចម្បងបំផុត សំដៅលើកស្ទួយសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប បានចូលរួមក្នុងជីវភាពនយោបាយកាន់តែសកម្ម គ្មានការភ័យខ្លាច សម្រាប់ផ្ដល់នូវមូលធនសង្គម និងមូលធននយោបាយ ដើម្បីធានាការរីក លូតលាស់ប្រកបដោយភាពរឹងមាំ និងមានចីរភាពនូវគណបក្សនយោបាយនានា ដែលជាតួអង្គដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា។ ក្នុងនោះការទទួលខុសត្រូវជាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់អំពីគោលការណ៍ដ៏សំខាន់មួយចំនួនក្នុងចំណោមគោលការណ៍សំខាន់នានា ពាក់ព័ន្ធការធានាចីរភាពនៃដំណើរការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួតប្រជែងគ្នាដ៏ស្រួចស្រាលរវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយនានា ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ ក៏ដូចនៅថ្នាក់ក្រោមជាតិ ។ នៅថ្នាក់ឃុំ សង្កាត់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សផ្សេងៗ គ្នានឹងក្លាយទៅជាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាងរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ដើម្បីការពារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ គឺមិនគ្រាន់តែជាតំណាងឱ្យប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំសម្របសម្រួល ធ្វើការជាមួយគ្នាដើម្បី បម្រើប្រជាពលរដ្ឋគ្រប់ៗរូបក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង និង បែងចែក ពណ៌សម្បុរនយោបាយនោះឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×