ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ការចុះបញ្ជីប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចបានបង្ហោះសារអបអរសាទរខួប ៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺ ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២២។

សារអបអរសាទររបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ (តំបន់ប្រាសាទសំបូរព្រៃគុក) មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ, ហើយក្រោយ ពេលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោករួចមក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយក្នុងចំណោមប្រាសាទដ៏ច្រើនរបស់កម្ពុជា។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំ ចូលទៅតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់ នៅទូទាំងប្រទេសកម្ពុជាឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់បន្តស្គាល់ និងយល់ដឹងអំពីអរិយធម៌ខ្មែរ។

ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ:» ជានាមរបស់ព្រះអង្គ ព្រះបាទឥសានវរ្ម័នទី១ផ្ទាល់, ទាក់ទងនឹងជំនឿវប្បធម៌វិញ ប្រាសាទទាំងអម្បាលម៉ានក្នុងរជ្ជកាលព្រះអង្គ គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម