ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងជូនចំពោះក្រុមគ្រួសារសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។
យោងតាមសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារដូចតទៅៈ “ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃា.តទាំងកណ្តាលថ្ងៃ”។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា “តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួង របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ឯកឧត្តម អាបេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាប ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្តម អាប ស៊ីន ហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀង ដរាប”។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបា.ញ់ប្រ.ហារក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅតំបន់ណារ៉ានៅជប៉ុនខាងលិច។ ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោងក្រោយការវា.យប្រ.ហារនៅម៉ោង១១កន្លះព្រឹកថ្ងៃទី៨ ខែកក្កដា នេះ និងកើតឡើងក្រោយក្រុមវេជ្ជបណ្ឌិតខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក៕ រក្សាសិទ្ធិដោយៈ ចេស្តារ










